ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី អញ្ជើញជួបពិភាក្សា ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ការងារ ជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេស នៅទីក្រុងឡុង
AKP ឡុងដ៍ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥--ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងគណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបសំដែងការគួរសម ពិភាក្សាការងារ ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ការងារ ជាមួយឯកឧត្ដម David Lammy រដ្ឋមន្រ្តីក្រសួងការបរទេស នៃចក្រភពអង់គ្លេស និងសហការី អំពីក្របខណ្ឌកិច្ចការពារកុមារ ដើម្បីកែលម្អការថែទាំជំនួស កាត់បន្ថយចំនួនមណ្ឌល កាត់បន្ថយចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំ និងលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារក្នុងសហគមន៍។

ក្នុងជំនួបនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានចែករំលែកនូវព័ត៌មានអំពីការអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដែលជាអាទិភាពមួយកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺការផ្តោតលើការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្តជីវិត ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់”។

ក្នុងក្របខណ្ឌកិច្ចការពារកុមារ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា ក្នុងនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានការប្តេជ្ញាខ្ពស់ និងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជាក់លាក់ ដើម្បីកែលម្អការថែទាំជំនួស ការកាត់បន្ថយចំនួនមណ្ឌល និងចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំ និងលើកកម្ពស់ការថែទាំនៅតាមគ្រួសារនៅក្នុងសហគមន៍។
ជាមួយនឹងកម្មវិធីកំណែទម្រង់ការងារថែទាំជំនួសនេះ ក្រសួងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ មណ្ឌលថែទាំកុមារត្រូវបានកាត់បន្ថយពី ៤០៦មណ្ឌល នៅឆ្នាំ២០១៥ មកនៅត្រឹម ១៦៤មណ្ឌល នៅឆ្នាំ២០២៤ ដែលចំនួនកុមារបានថយចុះពីប្រមាណ១ម៉ឺន៦ពាន់នាក់ មកត្រឹម ជាង៤ពាន់នាក់។

ឯកឧត្តម David Lammy បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូចំពោះជំនួបពិភាក្សា និងការចែករំលែកបទសោធន៍ការងារ ពាក់ព័ន្ធកិច្ចការពារកុមារ ការលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ និងការកាត់បន្ថយកុមារពីមណ្ឌលថែទាំជំនួសនៅកម្ពុជា។ ឯកឧត្តម បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលនៃការអនុវត្តកម្មវិធីថែទាំជំនួសចំពោះកុមារនៅក្នុងគ្រួសារ របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថា ឯកឧត្តមរដ្ឋមន្ត្រី David Lammy បាននិងកំពុងដឹកនាំយុទ្ធនាការកាត់បន្ថយមណ្ឌលថែទាំកុមារនៅលើពិភពលោក ហេតុដូចនេះ ឯកឧត្តម បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីការងារ និងបទសោធន៍ពាក់ព័ន្ធនឹងការលើកកម្ពស់ការថែទាំជំនួសចំពោះកុមារនៅក្នុងគ្រួសារ ដែលឈានទៅកាត់បន្ថយមណ្ឌលថែទាំ៕
ដោយ AKP





