ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រចាំត្រីមាស
AKP កំពង់ស្ពឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញបើកកិច្ចប្រជុំត្រីមាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិតអភិបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក លោកនាយរដ្ឋបាលខេត្ត ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្តសរុបចំនួន៩៩នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានស្វាគមន៍ចំពោះសមាជិក សមាជិកា និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ទំនុកចិត្តជូនដល់លោក លោកស្រីឱ្យធ្វើជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាជាមួយក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់ សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរនិងអង្គភាពជំនាញ ដើម្បីគាំទ្រអនុវត្តកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព ព្រោះថាក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគាំទ្រទាំងបច្ចេកទេសនិងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឺងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា លើកស្ទួយសមិទ្ធផល និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕



ដោយ លឹម សាន្ត





