អភិបាលរងខេត្តបន្ទាយមានជ័យអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥--លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដែលជាតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារអនុគណៈកម្មការតុបតែងលម្អ និងធ្វើសកម្មភាពចុះធ្វើអនាម័យសម្អាត និងលាបពណ៌ស្ពានសាធារណៈចំនួន៣កន្លែង ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះធ្វើឡើងដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពាក់លណ្តាលខែមេសាឆ្នាំ២០២៥ខាងមុខនេះ។

លោកអភិបាលរងបានដឹកនាំក្រុមការងារធ្វើសកម្មភាពដោយប្រើរថយន្តបាញ់ទឹកសម្អាតនៅទីតាំងស្ពានទាំង៣ រួមមាន ស្ពានព្រះពន្លា ស្ពានទឹកថ្លា ស្ពានទី១ ផ្លូវជាតិលេខ៦ និងរង្វង់មូលស្រីគ្រប់លក្ខណ៍ ព្រមទាំងមានប្រសាសន៍ថា «ការចូលរួមថែរក្សាស្ថានីយសាធារណៈ និងបរិស្ថានគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ស្ពានទាំងនេះមិនត្រឹមតែជាសំណង់រចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការរួបរួម និងសុភមង្គលសង្គម។»

ជាមួយគ្នានោះដែរ លោកអភិបាលរងបានអំពាវនាវឱ្យប្រជាពលរដ្ឋ យុវជន និងអាជ្ញាធរត្រូវចូលរួមទាំងអស់គ្នារក្សាអនាម័យ និងលាបថ្នាំតាមស្ពាននីមួយៗ និងផ្លូវសាធារណៈ រៀបចំផ្ទះសម្បែងភូមិឋានឱ្យបានស្អាតប្រពៃ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាខែមេសាខាងមុខនេះដោយក្តីសប្បាយរីករាយនោះ។ សកម្មភាពនេះបានទទួលការគាំទ្រយ៉ាងសកម្មពីអ្នកស្រុក និងអង្គការសង្គមស៊ីវិល ហើយជាផ្នែកមួយនៃយុទ្ធនាការប្រចាំឆ្នាំរបស់ខេត្ត ដើម្បីលើកកម្ពស់គុណភាពជីវភាព និងទេសភាពទីក្រុង ជាពិសេសនៅពេលបុណ្យជាតិ៕



ដោយ ឈុន សារ៉ាត





