រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំត្រៀមរៀបចំការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ
AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំការពារសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងអភិបាលក្រុង ស្រុក ជុំវិញខេត្តផងដែរ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា កិច្ចប្រជុំនេះផ្ដោតសំខាន់លើការងារការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ២៤ម៉ោងលើ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ជាប្រចាំ ដើម្បីឱ្យមានរបៀបរៀបរយល្អប្រសើរ ខណៈពេលចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរគឺបងប្អូនប្រជាពលរដ្ឋដែលនៅស្រុកឆ្ងាយបានធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួន។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជាមួយសមត្ថកិច្ច ត្រូវរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍ថា មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត រដ្ឋបាលខេត្តនិងរៀបចំធ្វើសង្រ្កានឆ្នាំថ្មី នៅបរិវេណសាលាខេត្តដែលជាបេះដូងរបស់ខេត្ត ហើយដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ និងលំហែកាយ។ ដូច្នេះសូមថ្នាក់ដឹនាំក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវត្រៀមរៀបចំធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួនដើម្បីមកដាក់តាំងនៅបវិវេណសាលាខេត្ត ដើម្បីចូលរួមអបអរសង្រ្កាន្តឆ្នាំថ្មី។

ស្របគ្នានេះ ឯកឧត្តមបានបញ្ជាក់ទៀតថា គ្រប់បណ្ដាអង្គភាពទាំងអស់ចូលរួមសហការគ្នាជាមួយខាងគណៈកម្មការអនាម័យ ដើម្បីរួមចំណែករក្សាការពារនូវសន្តិសុខ សុវត្ថិភាព និង កែលម្អរសោភ័ណភាពក្នុងមណ្ឌលកំសាន្តនានា និងការបង្កាទប់ស្កាត់គ្រោះអគ្គិភ័យ ផងដែរខណៈពេលនេះមានការឡើងកម្ដៅ ហើយគណៈកម្មការគ្រប់គ្រងពិធីបុណ្យ ចំពោះម្ចាស់ទីតាំងទទួលផ្ញើកង់ ម៉ូតូ និងរថយន្តទាំងអស់ ត្រូវរៀបចំកង់ ម៉ូតូ និងរថយន្តឱ្យមានសណ្ដាប់ធ្នាប់ល្អ មិនត្រូវយកផ្លូវថ្នល់មកធ្វើអាជីវកម្ម និងទទួលខុសត្រូវបោសសម្អាតឱ្យបានស្អាតជាប្រចាំ និងគោរពតាមតម្លៃដែលមានចែងនៅក្នុងសៀវភៅបន្ទុក។ ត្រូវមានបំពង់ពន្លត់អគ្គិភ័យ និងយល់ដឹងពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ។ ត្រូវរៀបចំកន្លែងដុតទៀន ធូប ឱ្យនៅឆ្ងាយពីទំនិញ ដែលកំពុងដាក់តាំងលក់ដូរនៅតាមតូប ឬស្តង់ផ្សេងៗ។ ត្រូវម្ចាស់ការពន្លត់ ភ្លើងទៀន ធូប ចង្រ្កាន និងបិទប៉ារ៉ែត ឬឌីហ្សង់ទ័រអគ្គិសនីឱ្យបានត្រឹមត្រូវមុននឹងចាកចេញទៅលំនៅឋានវិញរៀងៗខ្លួន ធ្វើអនាម័យនៅខាងក្រោយ និងខាងមុខតូប ឬស្តង់របស់ខ្លួន ព្រមទាំងវេចខ្ចប់បែងចែកសំរាមស្ងួត សំរាមសើម ឱ្យបានត្រឹមត្រូវតាមការ កំណត់ជាប្រចាំផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានជំរុញដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈឱ្យបានស្អាតល្អ និងសហការជាមួយសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ៕


ដោយ បៃ ស៊ីថុន





