សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែល មានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥--សុម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាម៉េរិកជាមុន។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាយប់ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា៖ «យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមាន សេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាម៉េរិកជាមុន»។ សម្ដេចតេជោបន្តថា នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។ សម្ដេចតេជោលើកឡើងថា៖ «ដូចខ្ញុំបានជម្រាបអង្គប្រជុំអាស៊ាន អាម៉េរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ថា ការមិនទុកចិត្តលើអាម៉េរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ដែលធ្វើឱ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាម៉េរិក»។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ «ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។ សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ»៕

ដោយ៖ ជឹម ណារី





