កងការពារព្រំដែនលេខ៦០១ ល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម
AKP កណ្ដាល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥-- លោកវរសេនីយ៍ត្រី ឥន្ទ ចាន់ថន មេបញ្ជាការកងអនុសេនាធំល្បាតទី៣ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនដល់យោធិន និងបានជំរុញឱ្យគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតអោយបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។

ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក លន់ លុច បានបន្តថា ការល្បាតនេះធ្វើឡើងដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។ ជាលទ្ធផលសភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





