ឯកឧត្តម នេត្រ ភក្រ្តា គូសបញ្ជាក់ថា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តគឺ ជាការចូលរួមអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ដែលជាកម្លាំងមិនអាចខ្វះបាន និងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍសង្គមជាតិឱ្យរុងរឿង។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីបែបនេះក្នុងឱកាសអនុញាតឱ្យលោក Thamarak La-Ongual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃឡង់ដ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីការងារសកម្មភាពរបស់សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាកន្លងមក នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយបានសម្តែងនូវអំណរគុណដល់សកលវិទ្យាល័យ ដែលបានផ្តល់នូវអាហារូបករណ៍មកឱ្យមន្ត្រីក្រសួងព័ត៌មាន និងកូនចៅ របស់ថ្នាក់ដឹកនាំមន្រ្តីក្រសួងព័ត៌មាន។

នៅចំពោះមុខសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី, ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការបណ្តុះបណ្តាលធនធានមនុស្សជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដោយនិយាយពីការអភិវឌ្ឍមូលធនមនុស្ស អ្នកដែលមានចំណេះដឹង មានស្នាដៃ មានទេពកោសល្យ មានសុខភាពល្អ និងមានសុជីវធម៌ ដែលជាផ្នែកមួយនៃការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាចំណែកក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា កន្លងមក និស្សិតកម្ពុជា បានចេញទៅសិក្សានៅក្រៅប្រទេសជាច្រើន តាមរយៈអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋាភិបាលប្រទេសនានា ជាមិត្តភក្តិ ដូចជាបណ្តាប្រទេសនៅទ្វីបអឺរ៉ុប អាម៉េរិក ព្រមទាំងបណ្តាប្រទេសក្នុងទ្វីបអាស៉ី រួមទាំងតំបន់អាស៊ានជាដើម។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ដោយឡែកនៅក្នុងក្របខ័ណ្ឌនៃការជ្រើសរើស និងផ្តល់អាហារូបករណ៍ដល់និស្សិត ដែលផ្តល់ដោយសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីនេះ គឺមានការគ្រប់គ្រង ជ្រើសរើសបេក្ខភាពដែលត្រូវទទួលអាហារូបករណ៍ ឆ្លងកាត់ការធ្វើតេស្តសមត្ថភាព ព្រមទាំងការពិនិត្យមើលលក្ខខណ្ឌផ្សេងៗដើម្បីបំពេញឱ្យគ្រប់លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍ជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានបញ្ជាក់បន្ថែមថា សម្រាប់ការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា គឺជាការអាហារូបករណ៍ជួយដល់និស្សិតមានសមត្ថភាព ជានិស្សិតដែលទទួលបានការវាយតម្លៃពីគណៈកម្មការផ្តល់អាហារូបករណ៍ថាជានិស្សិតដែលខិតខំប្រឹងប្រែង ព្យាយាមអំណត់ក្នុងការសិក្សា រៀនសូត្រ។ ពីព្រោះតម្លៃនៃការផ្តល់អាហារូបករណ៍នីមួយៗ គឺសុទ្ធសឹងតែមានតម្លៃ ដូច្នេះ គឺមិនអាចផ្តល់ឱ្យនិស្សិតរូបណាដែលមិនបានខិតខំ យកចិត្តទុកដាក់សិក្សានោះទេ។

បើតាមលោក Thamarak La-Ongual ក៏បានបង្ហាញនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈគណៈកម្មការផ្តល់អាហារូបករណ៍ក្រសួងព័ត៌មាន។

លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានឱ្យដឹងថា និស្សិតខ្មែរបានទៅសិក្សានៅសាកលវិទ្យាល័យ មានចំនួនច្រើន ហើយតាមការសង្កេតរបស់សាកលវិទ្យាល័យកន្លងមកនិស្សិតខ្មែរ មានចរិយាសម្បត្តិល្អ ទន់ភ្លន់ និងមានចំណេះដឹងទូលំទូលាយ ដែលជាគំរូដល់និស្សិតបរទេសជាច្រើន៕
ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





