កងពលតូចថ្មើរជើងលេខ៥១ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកថ្មពួក
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឌុច ពោ មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំង ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ លទ្ធផលសម្រេចបានចំនួន២ភូមិ ផ្ទះចំនួន០៣ខ្នង និងនាំយកអំណោយស័ង្កសីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ស្ថិតក្នុងភូមិប្រាំមីនា ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦៖៤០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឱ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។


ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា និងផ្តល់ជូនស័ង្កសីតាមរយៈ កងពលតូចថ្មើរជើងលេខ៥១ដើម្បីសម្រាប់ជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ កងទព័ជើងគោក)





