ឧបទ្ទវហេតុខ្យល់កន្ត្រាក់ និងរន្ទះបាញ់នៅតាមបណ្តាក្រុង-ស្រុកនៃខេត្តសៀមរាប បណ្តាលឱ្យស្លាប់មនុស្ស ម្នាក់ និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើន
AKP សៀមរាប ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥-- យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តលេខាធិការដ្ឋាន ខេត្តសៀមរាប ត្រឹមម៉ោង ២១:០០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញថា នៅរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ តាមបណ្តាភូមិសាស្ត្រ ក្រុង/ស្រុក នៃខេត្តសៀមរាប បានទទួលរងភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ស្ទើរទូរទាំងខេត្តដែលបណ្តាលឱ្យមានផលប៉ះពាល់នៅភូមិសាស្ត្រក្រុង/ស្រុកមួយចំនួន រួមមានក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកប្រាសាទបាគង ស្រុកស្វាយលើ ស្រុកអង្គរធំ ស្រុកពួក ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកអង្គរជុំ ដោយបង្កឱ្យមានផលប៉ះពាល់ប្រជាពលចំនួន ១៨២គ្រួសារ ខូចខាតផ្ទះសម្បែង (រលំផ្ទះទ្រេត) សរុបចំនួន ១១ខ្នង ប៉ះពាល់ផ្ទះសម្បែង (របើកដំបូល និងសំយាបផ្ទះ) សរុបចំនួន ១៦០ខ្នង ប៉ះពាល់ដំបូលព្រះវិហារចំនួន ១ខ្នង ប៉ះពាល់អគាររដ្ឋបាលចំនួន ២ខ្នង ប៉ះពាល់ដំបូលបន្ទប់ទឹកសាធារណៈចំនួន ២ខ្នង ប៉ះពាល់រោង/តូប ចំនួន ៦កន្លែង រលំ/បាក់ដើមឈើ ចំនួន ៧១ដើម បណ្តាលឱ្យរបួសមនុស្ស ៧នាក់ (ស្រី ៣នាក់) រួមនឹងផលប៉ះពាល់ផ្សេងទៀត ដូចជារលំបង្គោលភ្លើងលម្អផ្លូវ និងរលំ-បាក់មែកឈើលើដងផ្លូវជាដើម។

ជាមួយគ្នានេះ ក៏មានករណីរន្ទះបាញ់នៅភូមិសាស្ត្រក្រុង/ស្រុកចំនួន៤ ផងដែរ ដែលរួមមានស្រុកជីក្រែង (១ករណី) ស្រុកស្វាយលើ (២ករណី) និងស្រុកសូទ្រនិគម (១ករណី) បណ្តាលឱ្យមានមនុស្សរងរបួស ៤នាក់ (ស្រី ០នាក់) និងស្លាប់ ១នាក់ (ស្រី ០នាក់)។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ពិតជាគួរឱ្យសោកស្តាយណាស់ដែលបាតុភូតខ្យល់កន្ត្រាក់បក់បោកចូលដល់ក្រុង និងស្រុកមួយចំនួន ធ្វើឱ្យបងប្អួនប្រជាពលរដ្ឋមានរបួស ហើយប៉ះពាល់ដល់ផ្ទះសំបែង និងម៉ូតូមួយចំនួន។ រដ្ឋបាលខេត្តសហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនឹងចុះពិនិត្យជួយឱ្យអស់លទ្ធភាព។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់មើលថែទាំអ្នករងរបួសទាំងអស់បានទាន់ពេលវេលា ព្រមទាំងសូមអរគុណដល់ស្នងការដ្ឋាន និងកងកម្លាំងទាំងអស់ដែលបានជួយសម្អាតរក្សាស្ថានភាពផ្លូវឱ្យល្អដូចដើមដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់ផងដែរ៕



ដោយ៖ ឃុត សៅ





