រដ្ឋបាលរាជធានីភ្នំពេញរៀបចំបន្ថែមឱ្យមានការសម្តែងល្ខោនខោល និងរបាំប្រពៃណីនៅលើផ្លូវថ្មើរជើងនៅក្នុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ -- សម្រាប់ចុងសប្តាហ៍ទី២ នៅក្នុងខែមីនា ឆ្នាំ២០២៥ នាថ្ងៃសៅរ៌ ទី១៥ និងថ្ងៃអាទិត្យ ទី១៦ ខែនេះ នៅលើផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំបន្ថែមថ្មីឱ្យមានការសម្តែងល្ខោនខោលដោយដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ សម្រាប់រាត្រីថ្ងៃសៅរ៍ ហើយសម្រាប់ថ្ងៃអាទិត្យវិញនឹងមានរបាំវាយក្រាបដែលជារបាំប្រពៃណី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសបានទស្សនាយល់ដឹងកាន់តែច្បាស់អំពីរបាំប្រពៃណីរបស់ដូនតាខ្មែរយើង។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៥ ខែមីនា ២០២៥ នេះ។


លោកស្រីអ្នកនាំពាក្យបាននិយាយបន្តថា នាសប្តាហ៍មុន ផ្លូវថ្មើរជើងភ្នំពេញត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានការសម្តែងរបាំភួងនារី (របាំបុរាណ) និងសិល្បៈកំប្លែង (ក្រុមនាយក្រឹម) ហើយក្រៅពីហ្នឹង នៅមានរបាំនេសាទ (របាំប្រពៃណី) ការសម្តែងតន្ត្រីបុរាណមហោរី និងរបាំប្រពៃណី រាំវង់ សៀករហ័សកម្ម ចាប៉ីសហគមន៍ និងបណ្ណាល័យចល័តជាដើម ទៅតាមការចង្អុលបង្ហាញរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។


បើគិតត្រឹមថ្ងៃសៅរ៍ ទី១៥ ខែមីនា នេះ ផ្លូវថ្មើរជើងបានដាក់ឱ្យដំណើរការបានរយៈពេល ១ខែកន្លះហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្ត។


សូមបញ្ជាក់ថា ផ្លូវថ្មើរជើងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង ២ថ្ងៃក្នុងមួយសប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ ចាប់ពីម៉ោង ៦:០០នាទីល្ងាចដល់ម៉ោង ១១:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕
ដោយ៖ សួស សំរិត





