រដ្ឋបាលខេត្តបន្ទាយមានជ័យដង្ហែរក្បួនអបអរសាទរអង្គភាពទាំង៦ ដែលទទួលជ័យលាភីក្នុងការផ្តល់សេវាសាធារណៈគំរូនៃវិស័យអប់រំ និងសុខាភិបាល
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ -- រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីដង្ហែរក្បួនអបអរសាទរយ៉ាងអធិកអធមដល់អង្គភាពជ័យលាភីក្នុងការផ្តល់សេវាសាធារណៈគំរូ នៃវិស័យអប់រំ និងសុខាភិបាល ដែលបានទទួលជ័យលាភីពីការប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងទទួលបានចំណាត់ថ្នាក់ល្អចំនួន ៦អង្គភាពសម្រាប់ឆ្នាំ២០២៤ កន្លងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ។
ពិធីដង្ហែរក្បួនដ៏អស្ចារ្យនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំង សិស្ស-និស្សិត និងប្រជាពលរដ្ឋជាច្រើនពាន់នាក់។



ក្នុងឱកាសដ៏សំខាន់នោះ ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពដ៏ត្រចះត្រចង់ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការក្នុងវិស័យអប់រំ និងសុខាភិបាល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋ។ ជ័យលាភីនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់អង្គភាពទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវដល់មន្ត្រីរាជការទាំងអស់ឱ្យបន្តកសាងសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីដង្ហែរក្បួនអបអរសាទរនេះ បានប្រព្រឹត្តទៅតាមដងផ្លូវនានាក្នុងក្រុងសិរីសោភ័ណប្រកបដោយភាពអធិកអធម និងភាពសប្បាយរីករាយ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព និងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។


សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យទទួលបានជ័យលាភីដល់ទៅ ៦អង្គភាពដែលផ្តល់បានសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៤ ដោយនៅក្នុងនោះ សម្រាប់វិស័យសុខាភិបាល មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ជាប់លេខ៦ សម្រាប់ន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ជាប់លេខ៣ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២
ហើយមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ជាប់លេខ២ និងមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ជាប់លេខ៧ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១។ នៅក្នុងវិស័យអប់រំ សាលាមត្តេយ្យសិក្សាធនធាន កកោះ ស្រុកស្វាយចេក ជាប់លេខ៤ និងសាលាមត្តេយ្យសិក្សា គយម៉ែង ក្នុងស្រុកមង្គលបូរី ជាប់លេខ៨ សម្រាប់កម្រិតសាលាមតេ្តយ្យសិក្សា៕
ដោយឈុនសារ៉ាត





