មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ទទួលអំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ
AKP បន្ទាយមានជ័យថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥៖ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវប្រគល់ជូនគណៈគ្រប់គ្រងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ឃុំ បុស្បូវស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យដែលកំពុងមើលថែទាំកុមារចំនួន ៥៨នាក់ សម្រាប់ប្រើប្រាស់ និងហូបចុក កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា អំណោយនេះជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា ចំពោះកុមារកំព្រា និងជនងាយរងគ្រោះ។ លោកបានកោតសរសើរដល់គណៈគ្រប់គ្រងមណ្ឌល ដែលបានខិតខំប្រឹងប្រែងមើលថែទាំកុមារទាំងនេះយ៉ាងយកចិត្តទុកដាក់។

ជាមួយនោះដែរ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម អភិសន្តិបណ្ឌិត និងលោកជំទាវ ដោយក្តីនឹករលឹកជូនចំពោះ កុមារតូចៗ រួមទាំង គណៈគ្រប់គ្រង និងសូមក្មួយៗថែរក្សាសុខភាព និង រស់នៅស្អាត អនាម័លល្អ ហូបស្អាត និងត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាមិត្តល្អ កូនល្អ សិស្សល្អ ពលរដ្ឋល្អ និងក្លាយជាសសរទ្រូងសម្រាប់សង្គមជាតិទាំងមូល។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបន្តថា គោលបំណងដែលធំបំផុតនោះ គឺការផ្តល់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ ដល់កូនៗ ដែលជាក្មេងៗកុមារកំព្រា ផ្តល់នូវការយកចិត្តទុកដាក់ ការអាណិតអាសូរ ដែលលោកតែងតែធ្វើជាប្រចាំ គឺយើងផ្តល់ឱ្យពួកគាត់មានការយកចិត្តទុកដាក់ពីយើង ជាមួយគ្នានោះបាននាំយកនូវគ្រឿងអាហារហូបចុក នំចំណី សម្លៀកបំពាក់ជាហូរហែ សម្រាប់កូនៗ និងបានញាំជុំគ្នា បង្កើនភាពស្និទ្ធស្នាល ស្នាមញញឹម និងបង្កើតនូវអនុស្សាវរីយជាមួយនឹងពួកគាត់ផងដែរ ។


លោកបានបន្ថែមទៀតថា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីគាំទ្រ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ និងជនងាយរងគ្រោះក្នុងខេត្ត។
ទន្ទឹមនោះដែរ គណៈគ្រប់គ្រងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា និងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចំពោះអំណោយដ៏មានតម្លៃនេះ។
សូមបញ្ជាក់ថាអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវរួមមាន ថវិកា ចំនួន ៦,០០០,០០០រៀល ,ទឹកក្រូច ចំនួន ១៤ យួរ ,មីកំប៉ុងចំនួន ៦កេសធំ ,នំកញ្ជប់ ១១០កញ្ជប់, នំប៉័ង ចំនួន ៩០ដើម ៕ ដោយ៖ឈុន សារ៉ាត





