បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពី “ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ”
AKPភ្នំពេញ ថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៥--ការិយាល័យទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នៃនាយកដ្ឋានការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពី “ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ” នៅខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារដល់មន្ត្រីកិច្ចការនារី ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយបន្តដល់សហគមន៍ និងក្រុមគោលដៅ ក៏ដូចជាតួនាទី ភារកិច្ច និងកិច្ចអន្តរាគមន៍ របស់មន្ទីរកិច្ចការនារីក្នុងការសម្របសម្រួលជួយដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យកាន់តែប្រសើរឡើង រួមទាំងធានាឱ្យជនរងគ្រោះដោយអំពើហិង្សាទទួលបានកិច្ចការពារ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

សមាសភាពចូលរួមវគ្គបណ្តុះបណ្តាល៖ មន្រ្តីក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្ត ចំនួន ១២ ដូចជា ខេត្តកំពត ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តព្រះសីហនុ និងខេត្តប៉ៃលិន សរុបចំនួន ៤២នាក់ (ស្រី ៣៣នាក់)៕




ដោយ៖ ពេជ្រ សំអឿន ,ប្រភព៖ ក្រសួង កិច្ចការនារី





