សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យពិចារណាបញ្ចូលកម្មវិធីប្រតិបត្តិសមាធិ ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការណែនាំ ដល់ក្រសួងធម្មការ និងសាសនា គួរពិចារណា ក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិ ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស។

ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេច ទាំង៦ព្រះអង្គ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ នៅក្នុងវត្តបទុមវតី ។

ទន្ទឹមនឹងសមទ្ធិផលសម្រេចជាច្រើន នៅក្នុងវិស័យធម្មការ និងសាសនា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចដែលជាពុទ្ធបរិស័ទមួយរូប សម្តេចធិបតី បានចូលរួមចំណែកវិភាគទាន នូវទស្សនៈមួយចំនួន ដោយបានឱ្យក្រសួងធម្មការនិងសាសនា ត្រូវបន្តសហការ ជាមួយគណៈសង្ឃទាំង២ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា ក្នុងនោះក្រសួងធម្មការនិងសាសនា ត្រូវបន្តសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីដាក់ចេញជាសកម្មភាព និងការលើកកម្ពស់សាសនារបស់រដ្ឋ និងសីលធម៌របស់សង្គម ជាពិសេសការផលិតវីដេអូខ្លី ស្តីពីការអប់រំសីលធម៌ ចរិយាធម៌ និងពិធីធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយបណ្តាញស្ថានីយទូរទស្សន៍រដ្ឋ និងឯកជន, បណ្តាញសង្គម និងផ្ទាំងប៉ាណូ នៅតាមទីសាធារណៈ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "ក្រសួងធម្មការ និងសាសនា គួរពិចារណា ក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិ ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស មានទាំងសុខភាពកាយ សុខភាពផ្លូវចិត្ត បញ្ញាស្មារតី និងការទទួលខុសត្រូវ ក្នុងការរស់នៅសង្គម" ។

សូមបញ្ជក់ថា ព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក្នុងនោះសេរីភាពខាងជំនឿ និងការប្រតិបត្តិសាសនាដទៃទៀត ក៏ត្រូវបានធានានៅក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ជំនឿ ឬសាសនាដទៃទៀត ជាក់ស្តែងកម្ពុជា មានសុខដុមនីយកម្មសាសនា និងរក្សាបាននូវតម្លៃសាមគ្គីភាព រវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនមានប្រកាន់យកនិន្នាការជ្រុលនិយមនោះទេ៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





