ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញផ្ទេរ និងប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្ទេរ និងប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាពិសេសលោក បូរី វង្សសានិត្យ ដែលកន្លងបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីមិនគិតពីការនឿយហត់ចូលរួមយ៉ាងសកម្មក្នុងការងារសាធារណការ និងដឹកជញ្ជូន ព្រមទាំងកិច្ចការផ្សេងៗទៀតទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទកៈ ពិសេស ចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានការគាំទ្រ និងគោរពស្រលាញ់យ៉ាងច្រើនពីមន្រ្តីក្រោមឱវាទ និងប្រជាជន។ សូមផ្តល់ការគាំទ្រដល់ប្រធានមន្ទីរសាធារណការថ្មី បន្តអនុវត្តតួនាទីលើវិស័យសាធារណការកាន់តែមានប្រសិទ្ធភាព និងការរីកចម្រើន។ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលអាណត្តិកន្លងមក ជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ ជាបិតាសន្តិភាពរបស់កម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជំរុញយកចិត្តទុកដាក់រៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ជំរុញការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុង ការគ្រប់គ្រងទុកដាក់ និងកែច្នៃសំរាម ការរៀបចំផ្លូវថ្មើរជើង ទីធ្លាចំណត ស្លាកសញ្ញា កាមេរ៉ាសុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍ ការពង្រីកបណ្តាញអគ្គិសនី ភ្លើងបំភ្លឺទីក្រុង បណ្តាញទឹកស្អាត ប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់ ការអភិរក្សសំណង់ដែលមានតម្លៃប្រវត្តិសាស្ត្រ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា នេះជាការមកមន្ទីរសាធារណការខេត្តព្រះសីហនុលើកទី២ ក្នុងការផ្លាស់ប្តូរប្រសិទ្ធភាពការងាររវាងមន្ទីរសាធារណការខេត្តព្រះសីហនុ និងមន្ទីរសាធារណការខេត្តកណ្តាល ព្រោះអាណត្តិទី៧នេះ យើងមានអាទិភាពទី៥មួយទៀត គឺបច្ចេកវិទ្យាឌីជីថល ដែលក្រសួងសាធារណការអាណត្តិមុនបានខិតខំអភិវឌ្ឍសេវាគ្រប់ប្រភេទ មានសេវាចុះបញ្ជី ឆៀក និងសេវានាវាបន្ថែមទៀតទាមទារឱ្យមន្ត្រីជំនាញក្រសួងខិតខំស្វែងយល់តាក់តែងបទដ្ឋាន គតិយុត្តិ ហើយត្រូវបណ្តុះបណ្តាលមន្ត្រីជំនាញអនុវត្ត ដូច្នេះកិច្ចការសម្រាប់អាណត្តិទី៧ គឺការអភិវឌ្ឍប្រទេសក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរវាយតម្លៃខ្ពស់លោក បុរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ផ្ទេរទៅកាន់មន្ទីរសាធារណការខេត្តកណ្តាល លោកបានដឹកនាំគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅដោយភាពរលូន និងសម្រេចបាននូវសមិទ្ធផលជាច្រើនជូនខេត្តលើវិស័យសាធារណការប្រកបដោយភាពរីកចម្រើនជាទីមោទន ពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ស្ថាប័ន ផ្តល់សេវាសាធារណៈជូនសាធារណជន និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងដែនសមត្ថកិច្ច ជាគំរូដ៏ប្រពៃដល់អ្នកបន្តវេន ការអភិ វឌ្ឍស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងអបអរសាទរលោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការខេត្តកណ្តាល ត្រូវផ្ទេរជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ សូមលោកប្រធានមន្ទីរថ្មីប្រកាន់ភ្ជាប់នូវកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយបូរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចបានចក្ខុវិស័យទិសដៅការងាររបស់ក្រសួង និងខេត្តដែលដាក់ចេញអនុវត្តឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ ក្រសួងសាធារណការត្រូវបានប្រជាពលរដ្ឋពេញនិយម ពាក់ព័ន្ធផ្លូវថ្នល់ សេវា ផ្លាកសញ្ញាចរាចរណ៍ ក្នុងនាមក្រសួងជំនាញ ការផ្សព្វផ្សាយព័ត៌មាននូវមានកម្រិត ដោយសារប្រជាពលរដ្ឋចូលចិត្តមើលវីដេអូ ព្រោះការងារព័ត៌មានក៏បានបង្ហាញភាពទាក់ទាញ ទិសដៅ ពិនិត្យវាយតម្លៃលើវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធទឹកកខ្វក់ ផ្លូវទឹក ផ្លូវដែក និងសំណង់កំពង់ផែ រួមទាំងការធ្វើទំនើបកម្ម នៃការផ្តល់សេវាសាធារណលើការដឹកជញ្ជូនផ្លូវគោក។ រាជរដ្ឋាភិបាលបានកំណត់ វិស័យអាទិភាពគន្លឹះទាំង៥ មានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងបានកំណត់ចក្ខុវិស័យធំៗចំនួនពីរ៖ ១. ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលក្នុងការគ្រប់គ្រង ផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធិភាព ជឿទុកចិត្ត និង២. ការលើកកម្ពស់ការតភ្ជាប់ដឹកជញ្ជូនអន្តរមធ្យោបាយ និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន៕
ដោយ ងូ សុមុនី





