រដ្ឋមន្ត្រីក្រសួងអប់រំ៖ បេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជាពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រធានកាយរឹទិ្ធជាតិកម្ពុជា បានលើកឡើងថា បេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជាពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយកែប្រែទៅជាសាលារៀនគំរូចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះធ្វើឡើងក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទិ្ធរៀមច្បងជំនាន់ទី៧ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមបានបន្តថា ការអប់រំបែបកាយរឹទិ្ធកម្ម ត្រូវដាក់បញ្ចូលទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សាក្នុងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមសាលារៀនគំរូ។ ការរៀបចំ “ក្លឹបកាយរឹទិ្ធ” និង “រចនាសម្ព័ន្ធកងល្បាត” នៅតាមគ្រឹះស្ថានសិក្សាចាប់ពីកម្រិតបឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា គឺពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ការអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ដល់យុវជន និងកុមារ ដើម្បីប្រែក្លាយពួកគេទៅជាពលរដ្ឋល្អ ជាពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា។

ដើម្បីសម្រេចបានកំណើនសមាជិកភាពស្របតាមផែនការយុទ្ធសាស្រ្តកាយរឹទិ្ធជាតិកម្ពុជា ឆ្នាំ២០២៤-២០២៨ និងពង្រឹកគុណភាពអប់រំបែបកាយរឹទិ្ធកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានផ្តល់គោលការណ៍ណែនាំ និងអនុសាសន៍លើការងារអាទិភាពដូចតទៅ៖ ១) សាកលវិទ្យាល័យជាតិគ្រប់ គ្រង និងនាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ ត្រូវបង្កើនកិច្ចសហការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីបង្កើតកម្មវិធី និងព្រឹត្តិការណ៍កាយរឹទិ្ធនានាគាំទ្រដល់ការស្រាវជ្រាវរបស់និស្សិតដូចជា ការបោះជំរំ ការប្រកួតប្រជែងគម្រោង កម្មវិធីអ្នកនាំសារសន្តិភាព និងកាយរឹទិ្ធថ្មើរព្រៃនៅតាមសហគមន៍។ ២) សាកលវិទ្យាល័យជាតិគ្រប់គ្រងត្រូវសិក្សាលទ្ធភាពរៀបចំក្រុមភ្លេងកាយរឹទិ្ធរៀមច្បង និងហ្វឹកហាត់ត្រៀមខ្លួនចូលរួមការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិឆ្នាំ២០២៦ និង ៣) សាកលវិទ្យាល័យជាតិគ្រប់ គ្រង និងនាយកដ្ឋានសហប្រតិបត្តិការកាយរឹទិ្ធត្រូវបន្តពង្រឹងប្រព័ន្ធកងល្បាត និងផ្តល់បណ្ណវឌ្ឍនកម្មកាយរឹទិ្ធរៀមច្បង ដើម្បីលើកទឹកចិត្តដល់និស្សិតចូលរួមការងារសហគមន៍។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា បច្ចុប្បន្នកាយរឹទិ្ធជាតិកម្ពុជាមានសមាជិកសរុប ១៨៥៣៥៦នាក់ ក្នុងនោះកាយរឹទិ្ធប្អូន ១៩០១៦នាក់ កាយរឹទិ្ធជំទង់ ១២៧៤៣១នាក់ កាយរឹទិ្ធ រៀមច្បង ២២៧៣៧នាក់ មេដឹកនាំកាយរឹទិ្ធ ១៣៦៤៧នាក់ និងសមាជិកកិត្តិយស ២៥២៥នាក់ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីសិក្សាក្រៅម៉ោងបន្ថែមនៅក្នុងស្តង់ដាសាសារៀនគំរូ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





