អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមនៅក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥-- លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំតំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមមួយកន្លែង ស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារទី១១ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពក្នុងការជួយសម្សបសម្រួលនីតិវិធីមួយចំនួន ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរងចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន និងបានស្នើដល់វិនិយោគិនត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពតាមច្បាប់គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពផ្កល់ការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន។

លោកអភិបាលរងបានចុះពិនិត្យដំណើរការចង្វាក់ផលិតទឹកថ្នាំគូសគំនូរ និងរោងចក្រផលិតស៊ុមរូបថត ដែលទទួលបានការផ្តល់ការលើកទឹកចិត្តពីអនុគណៈកម្មាធិការវិនិយោគខេត្ត ក្នុងយន្តការតាមដានថែទាំសម្របសម្រួលជូនអ្នកវិនិយោគ ដើម្បីស្តាប់ និងប្រមូលធាតុចូលពីវិនិ យោគិនផ្ទាល់អំពីបញ្ហាប្រឈម និងសំណូមពរនានាផងដែរ។ រោងចក្រផលិតគ្រឿងសង្ហារិមនឹងមានតម្រូវការកម្លាំងពលកម្មប្រមាណជា៨០នាក់ និងមានទិសដៅផលិត និងផ្គត់ផ្គង់តម្រូវការក្រៅប្រទេសផងដែរ៕



ដោយ ងូ សុមុនី





