ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់ទិសដៅបន្តសម្រាប់ខែបន្ទាប់
AKP កំពង់ធំ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការងារ និងដាក់ទិសដៅបន្តសម្រាប់ខែបន្ទាប់ អនុវត្តការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរនៅសាលប្រជុំសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់កងកម្លាំងទាំងបី ដែលបានខិតខំក្នុងការការពារសន្តិសុខសណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការពារថ្នាក់ដឹកនាំដែលមានបេសកកម្មក្នុងទឹកដីខេត្តកំពង់ធំ ជាពិសេសបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិទាំងវាលលើនិងវាលក្រោមទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព ព្រមទាំងការពារមិនឱ្យមានការកាប់ទន្ទ្រានថ្មីហើយដីដែលមានការកាប់ទន្ទ្រានហើយត្រូវការពារមិនឱ្យមានការដាំដុះជាដាច់ខាត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ឆ្នាំនេះខេត្តកំពង់ធំនឹងមានការរៀបចំសង្ក្រាន្តកំពង់ធំឱ្យបានធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ងាកមកចាប់អារម្មណ៍សង្ក្រាន្តកំពង់ធំ និងចូលរួមទស្សនាកម្សាន្ត បង្កើតបានជាបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។ ដូច្នេះដើម្បីឱ្យដំណើរការពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅដោយរលូន និងមានភាពសប្បាយរីករាយ មន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងអាជ្ញាធរក្រុងស្រុកត្រូវខិតខំចលនាបងប្អូនប្រជាពលរដ្ឋសំអាតបរិស្ថានជុំវិញផ្ទះ និងមុខផ្ទះឱ្យបានស្អាត ជាពិសេសអ្នករស់នៅក្នុងក្រុងស្ទឹងសែន។

លើសពីនេះទៀត រដ្ឋបាលខេត្តបានកំពុងរៀបចំតុបតែងលម្អនៅតាមសួនស្ទឹងសែន និងតាមដងផ្លូវសាធារណៈក្នុងក្រុងស្ទឹងសែនឱ្យមានភាពទាក់ទាញលើកកម្ពស់សោភ័ណភាពក្នុងក្រុងកាន់តែស្រស់ស្អាតថែមទៀត៕


ដោយ ស៊ុម វណ្ណា





