ក្រសួងអប់រំជូនដំណឹងស្តីពីកម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថលលើកទី៣ របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM
AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥--ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការជូនដំណឹងស្តីពីកម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថលលើកទី៣ របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM ទៅដល់សិស្សានុសិស្ស និងគ្រូបង្រៀនទាំងអស់ថា មជ្ឈមណ្ឌលស៊ីមេអូ RECSAM នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថលលើកទី៣” ក្រោមមូលបទ “ស្ទែមនៅក្នុងដែនដីរឿងនិទាន៖ កន្លែងដែលការសិក្សាជួបនឹងអច្ឆរិយៈ”។

ដែលកម្មវិធីប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងក្រោមគោលបំណង៖
១. លើកកម្ពស់ការអប់រំស្ទែម៖ លើកទឹកចិត្តអ្នកចូលរួមឱ្យស្វែងយល់ពីគោលគំនិតស្ទែម តាមរយៈវិធីសាស្ត្របែបទាក់ទាញ និងច្នៃប្រឌិត។
២. អភិវឌ្ឍជំនាញសម្រាប់ពេលអនាគត៖ ផ្តល់ឱ្យសិស្សានុសិស្ស និងគ្រូបង្រៀននូវអក្ខរកម្មផ្នែកឌីជីថល និងជំនាញនិទានរឿងដែលចាំបាច់សម្រាប់ពិភពលោកទំនើប។៣) អបអរសាទរភាពចម្រុះ៖ បង្ហាញពីគំនិតច្នៃប្រឌិត និងទស្សនៈប្លែកៗរបស់សិស្ស និងគ្រូបង្រៀននៅទូទាំងអាស៊ីអាគ្នេយ៍ និង ៤. បំផុសគំនិតច្នៃប្រឌិត៖ ជំរុញអ្នកចូលរួមឱ្យគិតយ៉ាងល្អិតល្អន់អំពីអនាគតនៃការអប់រំ និងរបៀបដែលស្ទែមអាចជំរុញការផ្លាស់ប្តូរជាវិជ្ជមាន។
ក្រសួងបានលើកឡើងថាចំពោះលក្ខខណ្ឌនៃការចូលរួម បេក្ខជនត្រូវតែជាសិស្សានុសិស្ស និងជាគ្រូបង្រៀននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយត្រូវបង្កើតវីដេអូតាមលក្ខខណ្ឌកំណត់របស់អ្នករៀបចំ។ អ្នកចូលរួមត្រូវបានបែងចែកជា៣ក្រុមគឺ ក្រុមប្រភេទ A ៖ សិស្សនៅកម្រិតបឋមសិក្សាមានអាយុចន្លោះពី ៧ ទៅ ១២ ឆ្នាំ (អាចចូលរួមជាបុគ្គល ឬជាក្រុម និងត្រូវមានអាណាព្យាបាល ឬគ្រូដឹកនាំ)។ ក្រុមប្រភេទ B ៖ សិស្សកម្រិតអនុវិទ្យាល័យមានអាយុចន្លោះពី ១៣ ទៅ ១៨ ឆ្នាំ (ត្រូវចូលរួមជាបុគ្គល និងត្រូវមានអាណាព្យាបាល ឬគ្រូដឹកនាំ) និង ក្រុមប្រភេទ C ៖ គ្រូបង្រៀននៅកម្រិតបឋមសិក្សា ឬមធ្យមសិក្សា (ត្រូវចូលរួមជាបុគ្គល)។
សម្រាប់ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ២០០ដុល្លាអាម៉េរិក, ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ១៥០ដុល្លាអាម៉េរិក និងជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ១០០ដុល្លាអាម៉េរិក។សិស្សានុសិស្ស និងគ្រូបង្រៀនដែលមានចំណាប់អារម្មណ៍លើកម្មវិធីប្រកួតប្រជែងខាងលើ សូមចូលទៅកាន់តំណភ្ជាប់ https://forms.gle/S6vK37EsYauiQ14N8 ដើម្បីចុះឈ្មោះចូលរួម ឬស្តេន QR Code ខាងក្រោម ដើម្បីទទួលបានព័ត៌មាននានា។
ផុតកំណត់ទទួលពាក្យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ សមាសភាពដែលបានចុះឈ្មោះចូលរួមត្រូវបញ្ជូនវីដេអូប្រកួតប្រជែងឱ្យបានមុនថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៕
ដោយ៖ ចាន់ សុភឿន , ប្រភព៖ ក្រសួងអប់រំ





