សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អង្គរសង្រ្កាន្តឆ្នាំនេះជាការបង្កើតព្រឹត្តិការណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ -- ជាការឆ្លើយតបទៅនឹងការលើកឡើងថា ការរៀបចំអង្គរសង្រ្កាន្តជាការចំណាយលុយឥតប្រយោជន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះជាការបង្កើតព្រឹត្តិការណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនដើម្បីលើកកម្ពស់វិស័យទេសចរណ៍ សម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថាន វ៉ាន់ដា សរុបចំនួន ៤.៤២៦ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យអ្នកថា ការរៀបចំអង្គរសង្រ្កាន្តជាការចំណាយលុយឥតប្រយោជន៍ ទៅសួរអ្នកសៀមរាប អ្នកដែលលក់នៅក្នុងផ្សារសៀមរាប អ្នករត់PassApp អ្នករត់កង់បី អ្នកលក់ដូរនៅផ្សារប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបនៅជុំវិញសៀមរាបដែលពឹងផ្អែកលើវិស័យទេសចរណ៍ តើរដ្ឋាភិបាលធ្វើអង្គរសង្ត្រាន្តនេះ ពួកគាត់សប្បាយចិត្តទេ ? តាមរយៈការជួបជាមួយសម្ដេចផ្ទាល់ ប្រជាពលរដ្ឋសប្បាយចិត្តណាស់ អ្នកសៀមរាបចង់ឱ្យរដ្ឋាភិបាលបង្កើតព្រឹត្តិការណ៍ឱ្យបានច្រើនដើម្បីឱ្យអ្នកទេសចរមកលេងច្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការររៀបចំ(អង្គរសង្រ្កាន្ត)នេះគឺដើម្បីបង្កើតព្រឹត្តិការណ៍ទេសចរណ៍ អង្កាលយើងមិនសូវមាន គេវាយតម្លៃថា រដ្ឋាភិបាលអត់មានគោលនយោបាយបង្កើតព្រឹត្តិការណ៍ទេសចរណ៍ទាក់ទាញ ឥឡូវយើងរៀបចំបែបនេះដើម្បីអី……….. ដើម្បីលើកកម្ពស់ជីវភាពរបស់គាត់ ខែដែល Low Season ឥឡូវទៅមើលមនុស្សច្រើន តែយើងធ្វើយ៉ាងម៉េចឱ្យលំហូរវាងគម្លាតរវាងខែដែលមនុស្សច្រើននិងខែភ្លៀង ព្រោះនៅអាស៊ីខែភ្លៀងមនុស្សមិនសូវមកដែលយើងហៅខែLow ខែGreenនោះ ហើយវាចំពេលហ្នឹងវ៉ាកងស្រុកគេ ចឹងគេដើរនៅអឺរ៉ុបនៅអីច្រើនខែក្ដៅនៅស្រុកគេ ចឹងយើងទាញមនុស្សមក»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍សង្រ្កាន្តនៅសៀមរាបនេះមិនមែនធ្វើជំនួសអង្គរសង្ត្រាន្តទូទាំងប្រទេសទេ ដំណាលគ្នានេះទូទាំងរាជធានីខេត្តក៏រៀបដែរ ព្រោះប្រជាពលរដ្ឋមិនមែនទៅសៀមរាបទាំងអស់ទេ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





