តំបន់ដីច្រោះធម្មជាតិគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥-- នៅជិតនេះសោះ បងប្អូនគួរតែទៅឱ្យស្គាល់ម្តងទៅ ហើយបងប្អូននឹងប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយនឹងទិដ្ឋភាពស្អាតដែលបង្កើតឡើងដោយធម្មជាតិពិតៗ។ ដីច្រោះនេះគឺស្ថិតនៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនឆ្ងាយពីរាជធានីភ្នំពេញទេ។ នេះជាប្រសាសន៍របស់លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ដែលបានអំពាវនាវដល់អ្នកទេសចរដែលនិយមគោលដៅទេសចរបែបអេកូទេសចរណ៍ និងភាពស្ងប់ស្ងាត់ផងដែរ។

លោក រស់ សុខ បានបញ្ជាក់ថា ដើម្បីទៅកាន់ទីតាំងដីច្រោះ គឺយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ រួចបត់ចូលតាមផ្លូវឧទ្យានជាតិគិរីរម្យ ពេលទៅដល់ជើងភ្នំគិរីរម្យ យើងនឹងឃើញផ្លូវបំបែកខាងស្តាំ ទៅរមណីយដ្ឋានទឹកធ្លាក់ចំបក់ (ប្រហែល១០គីឡូម៉ែត្រពីជើងភ្នំគីរីរម្យ)។ បន្ទាប់មកយើងនឹងបានឃើញ សាលាឃុំចំបក់ នៅខាងស្តាំដៃ។ ហួសសាលាឃុំចំបក់ប្រមាណ៥០ម៉ែត្រ រួចបត់តាមផ្លូវទៅស្តាំ យើងនឹងឆ្លងកាត់ស្ពានពីរ ស្ពានទីមួយជាស្ពានចុះចំណោទ។ ហួសស្ពានទីពីរប្រមាណ៥០០ម៉ែត្រ បត់ស្តាំទៅត្រង់ប្រហែល១គីឡូម៉ែត្រ យើងនឹងទៅដល់ទីតាំងដីច្រោះនោះហើយ៕




ដោយ លឹម សាន្ត





