មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា
AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥-- ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះចៅអធិការវត្តកាសេមរតនារាម ហៅវត្តធម្មយុត្តិ និងជាព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំង បានយាងនិមន្តជាអធិបតីភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ ច័ន្ទមិនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាអភិបាលរងខេត្ត និងតំណាងស្ត្រីមកពីតាមមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

ក្នុងឱកាសនោះ ព្រះមង្គលានុរ័ក្ខ អំ សៃ បានមានសង្ឃដីកាថា ស្ត្រីគ្រប់ជាន់ថ្នាក់គឺជាមាតាដៃមួយពាន់ និងដៃមួយម៉ឺន ក្នុងកិច្ចការគ្រួសារ និងជួយអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ គឺនៅមានសក្តានុពលច្រើនទៀត។ ការប្រារព្ធទិវានេះគឺដើម្បីរំលឹកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាព រវាងបុរស និងស្រ្តីនៅក្នុងសង្គម ហើយប្រធានបទមួយនេះគឺសម្រាប់ដាក់ចេញជាសកម្មភាពគន្លឹះក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រទេសមានសន្តិភាព កិត្តិយស កិត្តិនាម នៅក្នុងតំបន់ក៏ដូចជានៅក្នុងពិភពលោក ប្រជារាស្រ្តមានសេចក្តីសុខ វឌ្ឍនភាព ។

ទន្ទឹមនឹងនេះ ព្រះអង្គបានបន្តថា ស្ត្រីជាមាតានៃសង្គម ស្ត្រីមានសារៈសំខាន់ចំពោះប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ហើយប្រព័ន្ធទាំងពីរនេះក្នុងការឆ្លើយតបទៅនឹងគ្រោះអាសន្ន ការអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ និងចំណេះដឹង ស្របទៅតាមការវិវឌ្ឍរបស់សង្គម សុខុមាភាពសម្រាប់ប្រជាជនងាយរងគ្រោះ ព្រមទាំងគិតគូរទៅលើការថែទាំសុខភាព ហានិភ័យការងារ និងពិការភាព ព្រមទាំងសោធននិវត្តន៍ពេលវ័យចំណាស់។ ហើយនេះជាលទ្ធផលដ៏វិជ្ជមាននៃការអនុវត្តគោលនយោបាយជាតិ ដែលធ្វើឱ្យមានសុខសន្តិភាព ស្ថិរភាពនោយបាយ និងកំណើនសេដ្ឋកិច្ចខ្ពស់ នាំមកនូវភាពរីកចម្រើន ថ្កុំថ្កើននៅពេលនេះ។ ស្រ្តីមានសិទ្ធិចូលរួមដោយស្មើភាពគ្នា ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងរស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ ប្រកបដោយសុខុមាលភាព និងប្រទេសមានការអភិវឌ្ឍបន្តទៀត។

ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ព្រះមង្គលានុរ័ក្ខ អំ សៃ និងមន្ត្រីសង្ឃអមដំណើរបានឧបត្ថម្ភបច្ច័យដល់ស្រ្តី ក្នុងកម្មវិធីនោះមានក្រមា កម្រងបាច់ផ្កា និងថវិកាសរុប ៦០ម៉ឺនរៀលផងដែរ៕

ដោយ បៃ ស៊ីថុន





