អាជ្ញាធរទន្លេសាប និងមន្រ្តីជំនាញវិទ្យាស្ថានទឹកណានជីន ប្រទេសចិន ចុះពិនិត្យស្ថានីយជលសាស្ត្រខេត្តជាប់បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥--មន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប ដោយមានការសហការគាំទ្របច្ចេកទេសពីមន្រ្តីជំនាញនៃវិទ្យាស្ថានស្រាវជ្រាវណានជីន ផ្នែកជលសាស្រ្ត និងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការអភិរក្សទឹក ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ត និងឧតុនិយមស្វ័យប្រវត្តិនៅខេត្តចំនួន៣ ជាប់បឹងទន្លេសាប គឺខេត្តកំពង់ធំ សៀមរាប និងបាត់ដំបង។

ក្រុមការងារទាំងពីរបានចុះពិនិត្យ ជួសជុល ថែទាំ ដុសលាងសម្អាត Sensors និង Calibration ស្ថានីយជលសាស្រ្ត និងឧតុនិយមស្វ័យប្រវត្តិ ចំនួន៥ស្ថានីយ មាន ទី១. ស្ថានីយកម្ពស់ទឹក និងទឹកភ្លៀង (HR) ត្នោតជុំ ស្ថិតនៅស្ទឹងជីនិត ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី២. ស្ថានីយឧតុនិយម (AWS) តាអោក ស្ថិតនៅស្ទឹងសែន ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទី៣. ស្ថានីយវាស់ធារទឹក (QHR V-ADCP) តាអោក ស្ថិតនៅស្ទឹងសែន ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទី៤. ស្ថានីយវាស់ធារទឹក (QHR V-ADCP) កំពង់ថ្កូវ ស្ថិតនៅស្ទឹងស្រែង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងទី៥. ស្ថានីយកម្ពស់ទឹក និងទឹកភ្លៀង (HR) ព្រែកទាល់ ស្ថិតនៅស្ទឹងសង្កែ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជាលទ្ធផល ក្រុមការងារសម្រេចលទ្ធផលបានចំនួន៧ចំណុច៖ ទី១.បានធ្វើឱ្យប្រសើរឡើងប្រព័ន្ធកម្មវិធីទទួល-បញ្ជូនទិន្នន័យ នៅស្ថានីយមេ (upgrade system of Master Station) ទី២. បានធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ស្ថានីយជលសាស្រ្ត និងឧតុនិយម ក្នុងការបញ្ជូនទិន្នន័យមក Server ទី៣. បានតេស្តឧបរកណ៍វាស់ធារទឹក V-ADCP នៅស្ថានីយតាអោក (ស្ទឹងសែន) និងស្ថានីយកំពង់ថ្កូវ ឱ្យដំណើរការបានជាប្រក្រតី ទី៤. ត្រួតពិនិត្យដំណើរស៊ីមកាត ផ្ទាំងសូឡា អាគុយ លាងសម្អាត និងថ្លឹងទឹកឧបករណ៍វាស់ទឹកភ្លៀងឡើងវិញ ទី៥. ដំឡើងផ្ទាំងបដាគម្រោង (Billboards) នៅស្ថានីយជលសាស្រ្តកំពង់ថ្កូវ ទី៦. បានធ្វើបច្ចុប្បន្នភាពគណនាកម្មវិធី software ឡើងវិញផងដែលនៅក្នុងកុំព្យូទ័រ និងទី៧. មន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានបង្កើនសមត្ថភាព ចំណេះដឹង បទពិសោធន៍ លើការថែទាំ ប្រតិបត្តិការ និង Configuration System។

សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាបបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវណានជីន ផ្នែកជលសាស្រ្ត និងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការអភិរក្សទឹក ក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន អនុវត្តរួមគ្នានៃគម្រោងសិក្សាសាកល្បងបច្ចេកវិទ្យាសង្កេត និងបញ្ជូនទិន្នន័យជលសាស្រ្តសម្រាប់អាងទន្លេសាប ដែលសា្ថនីយមេចំនួន១ និងស្ថានីយជលសាស្រ្ត និងឧតុនិយម ចំនួន១១ស្ថានីយ រួមមាន ស្ថានីយជលសាស្រ្ត និងឧតុនិយម (HR) ចំនួន៤ ស្ថានីយឧតុនិយម (AWS) ចំនួន៤ និងស្ថានីយជលសាស្រ្ត វាស់ធារទឹក (V-ADCP ) ចំនួន៣៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





