២ខែដើមឆ្នាំ២០២៥ ទេសចរប្រមាណ៤០ម៉ឺននាក់មកសម្រាកលម្ហែនៅខេត្តកំពត
AKP កំពត ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥-- មន្ត្រីជំនាញបានបញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត តែងមានគំនិតផ្តួចផ្តើមច្នៃបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗជាប់ជានិច្ចដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ ជាក់ស្តែង២ខែដើមឆ្នាំ២០២៥នេះ ទេសចរប្រមាណជិត៤០ម៉ឹននាក់ បានមកសម្រាកលម្ហែនៅខេត្តកំពត ខណៈដែលនិន្នាការភ្ញៀវទេសចរនៅតែបន្តប្រសើរឡើង។


លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ថា ស្ថានភាពភ្ញៀវទេសចរមកសម្រាកលម្ហែនៅខេត្តកំពតមានភាពល្អប្រសើរជាងមុនគឺភ្ញៀវទេសចរមានការកើនឡើង ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពិសេសប៉ុន្មានសប្តាហ៍ចុងក្រោយនេះចំនួនភ្ញៀវហក់ឡើងខ្ពស់ និងបានបញ្ជាក់ទៀតថា ២ខែដើមឆ្នាំ២០២៥ ទេសចរប្រមាណជិត៤០ម៉ឺននាក់មកសម្រាកលម្ហែខេត្តកំពត ហើយក្នុងនោះភ្ញៀវបរទេសប្រមាណ២៤០០០នាក់ផងដែរ។


លោកបានបន្តទៀតថា ដោយមានការជំរុញពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ពិសេសក្រោមការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យខេត្តកំពតកាន់តែប្រែប្រួលមុខមាត់ថ្មី ល្បីល្បាញ និងក្លាយជាខេត្តគោលដៅទេសចរណ៍ទី២របស់កម្ពុជា ដែលមានទេសចរមកលេងច្រើនជាងគេ បន្ទាប់ពីខេត្តសៀមរាប។ ខេត្តកំពតមិនត្រឹមតែជាខេត្តគោលដៅទេសចរណ៍ចម្រុះនោះទេ សេវាស្នាក់នៅក៏មានភាពសម្បូរបែប និងស្អាតៗ ខុសប្លែកពីខេត្តដទៃដែ ពិសេស រីសត បឹងហ្គាឡូ និងផ្ទះលំហែតាមដងព្រែក រួមទាំងសកម្មភាពកីឡាលើទឹកជាច្រើនផងនោះ ជាកត្តាមួយ ធ្វើឱ្យទេសចរជាតិ និងអន្តរជាតិ ជ្រើសរើសមកដើរកម្សាន្តនៅខេត្តកំពត៕

ដោយ ប្រាក់ លាង





