កងពលតូចថ្មើរជើងលេខ៤២ចេញល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥-- ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

តាមបទបញ្ជា អង្គភាពឈរជើងនៅទីនោះត្រូវបន្តពង្រឹងការសហការឱ្យបានស្អិតរមួតជាមួយអង្គភាពមិត្ត ក្នុងការចេញល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀតដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួលតាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ។

លោកមេបញ្ជាការ នាក់ វង្ស ក៏បានផ្ដាំផ្ញើដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជំងឺផ្សេងៗ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





