កម្មករ-កម្មការិនី សប្បាយរីករាយ ពេលមានទារកដា្ឋន នៅក្នុងរោងចក្រ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥--ក្នុងការសួរឆ្លើយឆ្លងជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២៥នេះ កម្មករ-កម្មារិនី ជាម្ដាយនៃទារកទាំងឡាយ បានបង្ហាញទឹកចិត្តសប្បាយរីករាយដែលរោងចក្របានបង្កើតទារកដ្ឋានសម្រាប់ឱ្យកូនសម្រាក និងមានអ្នកមើលថែទាំបានត្រឹមត្រូវ។

ឪពុកម្ដាយទាំងនោះបានប្រាប់សម្ដេចធិបតីថា ពួកគេពិតជារីករាយព្រោះបានទទួលសេវាច្រើនយ៉ាង មានទារកដ្ឋានអាចផ្ញើកូនបាន ឳពុកម្ដាយមានពេលវេលាធ្វើការគ្រប់គ្រាន់ ហើយរាជរដ្ឋាភិបាល ក៏បានផ្ដល់អត្ថប្រយោជន៍ជាច្រើនអំឡុងពេលមានផ្ទៃពោះរហូតដល់កូនកើត កើតចេញមកហើយនៅតែទទួលប្រាក់ឧបត្ថម្ភបន្ថែមទៀត។

ជាមួយគ្នានេះ កម្មករ-កម្មារិនី ក៏ទទួលបានសេវា ប.ស.ស ទៅព្យាបាលជំងឺដោយមិនអស់លុយទៀតផង។
យោងតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងកម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងកិច្ចការនារី, ក្រសួងអប់រំ យុវជន និងកីឡា, តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិតក្នុងការសិក្សា លទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ ដោយមានការ ចូលរួមទ្រទ្រង់ពីភាគីនិយោជក និងភាគីពាក់ព័ន្ធ។

សូមជម្រាប់ជូនថា មាត្រា១៨៦ នៃច្បាប់ស្តីពីការងារ ចែងថា “នាយកសហគ្រាសទាំងឡាយដែលប្រើស្ត្រី ចាស់ក្តី ក្មេងក្តី ចំនួនយ៉ាងតិចមួយរយនាក់ ត្រូវរៀបចំបន្ទប់សម្រាប់បំបៅកូនមួយក្នុងគ្រឹះស្ថាន ឬនៅជិតនោះ ហើយ និងទារកដ្ឋានមួយផង។ ក្នុងករណីដែលសហគ្រាសពុំមានលទ្ធភាព រៀបចំទារកដ្ឋានសម្រាប់ទទួល កុមារអាយុលើសពី១៨(ដប់ប្រាំបី)ខែផ្ទាល់បានទេ នារីជាកម្មករនិយោជិតអាចផ្ញើកូនរបស់ខ្លួននៅ ទារកដ្ឋានណាមួយ ដោយនិយោជកជាអ្នកចេញសោហ៊ុយថែរក្សាទារកនោះ។”

- មាត្រា១៨៧ នៃច្បាប់ស្តីពីការងារចែងថា “ប្រកាសក្រសួងទទួលបន្ទុកវិស័យការងារនឹងកំណត់ លក្ខខណ្ឌសម្រាប់រៀបចំឱ្យមានអនាម័យ និងត្រួតពិនិត្យ បន្ទប់បំបៅកូន និងទារកដ្ឋាននោះ។”
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





