ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដា ដែលជួយគាំទ្រការលូតលាស់ និង អភិវឌ្ឍន៍ផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឪពុកម្តាយ ឬអាណាព្យាបាល ដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននឹងកំពុងខិតខំជំរុញការអនុវត្តអនុសាសន៍ចំនួន ៤ចំណុច ដែលត្រូវសម្រេចឱ្យបាន នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដូចខាងក្រោម៖ ១. បានសិក្សា និងរៀបចំដំណើរការបង្កើតទារកដ្ឋានសម្រាប់កូនរបស់កម្មករនិយោជិតដោយបានសិក្សាលម្អិតលើទីតាំងសាងសង់ ប្លង់សាងសង់ ស្តង់ដាប្រតិបត្តិ ការវិភាគស្ថិតិ និងគម្រោងចំណាយលើដំណើរការទារកដ្ឋាន និងបានបើកកិច្ចប្រជុំប្រមូលធាតុចូលពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ (PE&D) និងធនាគារ ពិភពលោក (World Bank) ព្រមទាំងបានចុះទស្សនកិច្ចសិក្សាស្តីពីការរៀបចំ និងបង្កើតទារកដ្ឋានសហគមន៍ ជាមួយអង្គការ PE&D នៅខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនេះ ក្រសួងបានប្រជុំពិភាក្សាជាមួយសមាគមនិយោជកនៅ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីជំរុញការរៀបចំទារកដ្ឋានសម្រាប់កូនរបស់កម្មករនិយោជិតឱ្យបានឆាប់រហ័ស ហើយ ក្រសួងក៏បានដាក់ឱ្យដំណើរការទារកដ្ឋាននៅក្នុងទីស្តីការក្រសួងជាគំរូនៅក្នុងខែសីហា ឆ្នាំ២០២៤ ផងដែរ។
ក្រសួង បានសិក្សា និងរៀបចំគម្រោងបង្កើតទារកដ្ឋាននៃរោងចក្រចំនួន ៣ រួមមាន៖ ១) រោងចក្រម៉ាវែល ហ្គាមិន ឯ.ក (តំបន់សេដ្ឋកិច្ចពិសេស), ២) រោងចក្រតារាល អ៊ិនធើណេសិនណល ឯ.ក (ខេត្តកំពង់ស្ពឺ), និង ៣) រោងចក្រ អ៊ុលីថិច (ខេមបូឌា) ហ្គាម៉ិន ឯ.ក (ខេត្តកំពង់ឆ្នាំង)។ ក្រសួងនឹងបន្តជួបពិភាក្សាជាមួយនឹងរោងចក្រធំៗ ផ្សេងទៀត ជាពិសេសនៅតាមតំបន់សេដ្ឋកិច្ចពិសេស ដើម្បីរៀបចំទារកដ្ឋានសម្រាប់បងប្អូនកម្មករនិយោជិត។
២. បានសហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ សហគ្រាស ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែង ហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រ សហគ្រាសដែលត្រូវបង្កើតថ្មី។ ក្រសួងបានសហការជាមួយក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីកំណត់ស្តង់ដារោងចក្រថ្មី ដែលនឹងបញ្ចូលលក្ខខណ្ឌតម្រូវក្នុងការរៀបចំកន្លែង ហូបបាយ និងអាហារដ្ឋានផងដែរ។ ក្រសួងបានរៀបចំកម្មវិធីចុះសួរសុខទុក្ខ និងសំណេះសំណាលរបស់ថ្នាក់ដឹកនាំ ក្រសួងជាមួយបងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថានចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានចំនួន ៧៨សហគ្រាស គ្រឹះស្ថាន មានកម្មករនិយោជិតសរុប ១៥៨ ៤០១នាក់ ដើម្បីសិក្សា និងជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ សហគ្រាស ដែលកំពុងដំណើរការ ឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត ព្រមទាំងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់ រោងចក្រ សហគ្រាសដែលត្រូវបង្កើតថ្មី។
៣. បានសហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជា បណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧ ដែលក្រសួងបានចេញសេចក្តីសម្រេច ស្តីពីការបង្កើតសមាសភាពក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃបេឡាជាតិសន្តិសុខសង្គម, រៀបចំសិក្ខាសាលាស្តីពី “ការជំរុញការផ្លាស់ប្តូរ រថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាព” ដោយមានអ្នកចូលរួមសរុប ប្រមាណ ៥០០នាក់ និងបានត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតដែលមានការផ្លាស់ប្តូរស្របតាម បទដ្ឋានបច្ចេកទេសនិងមានផាសុកភាព ដោយមានរថយន្តដឹកកម្មករនិយោជិតប្រភេទដឹកអ្នកដំណើរចំនួន ១ ១២៩ គ្រឿង នៃចំនួនរថយន្តដឹកកម្មករនិយោជិតសរុបចំនួន ៣ ៣៣២គ្រឿង ដែលក្រុមការងារបានធ្វើបច្ចុប្បន្នភាព ក្នុងឆ្នាំ២០២៤។
៤.បាននិងកំពុងជំរុញកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញ ដើម្បីផ្តល់ឱកាសដល់ បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រទេស និងបុគ្គលសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចស្នើសុំធ្វើតេស្តវាយតម្លៃផ្អែក លើសមត្ថភាពបញ្ជាក់កម្រិតជំនាញក្នុងការទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍជាតិ ដើម្បីបង្ហាញពីសមត្ថភាព និង កម្រិតជំនាញរបស់ខ្លួន ដោយក្រសួងបានកំណត់លក្ខខណ្ឌសម្រាប់ចូលធ្វើតេស្ត, យន្តការធានាគុណភាពនិង តម្លាភាពនៃការធ្វើតេស្ត និងការជ្រើសរើសមជ្ឈមណ្ឌលសម្រាប់ធ្វើតេស្តបន្ថែមទៀត។ គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងបានចុះបញ្ជីទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព សរុបចំនួន១៥៕
ដោយ៖ គង់ សិរីរ័ត្ន





