សម្ដេចតេជោ ហ៊ុន សែន បង្ហាញផលប្រយោជន៍ពីការហាត់ប្រាណ តាមរយៈកីឡា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញផលប្រយោជន៍ពីការហាត់ប្រាណតាមរយៈកីឡា ដោយភ្ជាប់ជាមួយរូបថតមួយចំនួន។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ផលប្រយោជន៍ពីការហាត់ប្រាណតាមរយៈកីឡា។ ខ្ញុំហាត់ប្រាណទៀងទាត់តាំងពីវ័យជំទង់រហូតមកដល់ពេលនេះ។ ខ្ញុំចេះលេងកីឡា៤ប្រភេទ មានបាល់ទះ បាល់ទាត់ បោះប៊ួល និងចុងក្រោយគឺវាយកូនគោល។ អុំទូកលេងតាមរដូវកាល និងលេងអុក តែការលេងអុកគួរកុំលេងយូរពេកដែលធ្វើឱ្យយើងឈឺចង្កេះ។ សម្ដេចតេជោបន្តថា ការហាត់ប្រាណតាមរយៈកីឡាក្តី ឬតាមរយៈការធ្វើចលនា ដូចជា ដើរ រត់ ហែលទឹក លើកដុំដែក ឬធ្វើពលកម្ម។ល។ដើម្បីឱ្យបែកញើសសុទ្ធតែមានប្រយោជន៍ដល់សុខភាពទាំងអស់។

សម្តេចតេជោបញ្ជាក់ទៀតថា៖ «សម្រាប់រូបខ្ញុំ ប្រសិនបើខ្ញុំមិនទម្លាប់ហាត់ប្រាណទេ ប្រហែលជាសុខភាពខ្ញុំមិនល្អដូចពេលនេះទេ ដោយសារធ្លាប់ត្រូវរបួស៥លើក និងការវះកាត់ធំ ចំនួន៣លើក (១៩៩៥ .២០១៧ .២០១៩) ដែលធ្វើឱ្យខ្ញុំអស់ឈាមច្រើន និងត្រូវថ្នាំសណ្តំច្រើន ពិសេសឆ្នាំ២០១៧ ពេទ្យប្រើពេលវះកាត់ឆ្អឹងចង្កេះឱ្យខ្ញុំដោយត្រូវប្រើពេល៥ម៉ោងនិង២០នាទី។ ការស្តាសុខភាពឡើងវិញក្រោយវះកាត់ត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដែលក្នុងនោះពេទ្យណែនាំសំខាន់ឱ្យហាត់ប្រាណនេះឯង។ ខ្ញុំសូមជូនរូបថតទាត់បាល់និងបាល់ទះ នាទសវត្សន៍១៩៨០ និងក្រោយមកទៀតព្រមទាំងរូបថតវាយកូនគោលដំបូងនាឆ្នាំ២០០០ និងពេលបច្ចុប្បន្នដើម្បីធ្វើការប្រៀបធៀប»៕


ដោយ៖ ជឹម ណារី





