ឯកឧត្តម លី ច័ន្ទតុលាអញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គីនៅវិទ្យាល័យស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម លី ច័ន្ទតុលារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនៅវិទ្យាល័យស្ទឹង សែនស្ថិតក្នុងសង្កាត់ស្រយ៉ូវក្រុងស្ទឹង សែនខេត្តកំពង់ធំកាលពីថ្ងៃទី០៨ខែមីនាឆ្នាំ២០២៥និងដោយមានការអញ្ជើញចូលរួមពីលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន លោកនាយកសាលាវិទ្យាល័យស្ទឹងសែន នាយិការង នាយករង លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់។

លោក ធន ធុង នាយកសាលាវិទ្យាល័យស្ទឹងសែនបានលើកឡើងពីរស្ថានភាពទូទៅក្នុងឆ្នាំសិក្សា២០២៤-២០២៥មានអគារសិក្សាចំនួន០៦ខ្នង ស្មើនឹង៣១បន្ទប់ក្នុងនោះទីចាត់ការ០២បន្ទប់ បណ្ណាល័យ០១បន្ទប់ ពិសោធន៍០១បន្ទប់ យុវជន០១បន្ទប់ មុខវិជ្ជា០៣បន្ទប់មានគីមី.ជីវៈ រូប ថ្នាក់រៀនមាន២៩ថ្នាក់។ មានបុគ្គលិកចំនួន៦៨នាក់(ស្រី៣៣នាក់)។មានសិស្សសរុបចំនួន១៣៤១នាក់(ស្រី៨៤២នាក់) ក្នុងនោះសិស្សមធ្យមសិក្សាបឋមភូមិចំនួន៦៩១នាក់(ស្រី៥៥៩នាក់)និងសិស្សមធ្យមសិក្សាទុតិយភូមិភូមិចំនួន៦៥០នាក់ (ស្រី២៨៣នាក់)។

ឯកឧត្តម លី ច័ន្ទតុលាបានមានប្រសាសន៍លើកឡើងពីសារៈប្រយោជន៍នៃការសិក្សារៀនសូត្ររបស់សិស្សានុសិស្សប្រកបដោយសមត្ថភាព ភាពស្អាតស្អំ ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌និងកាយសម្បទាពង្រីកវិសាលភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម បង្កើតការងារការ ពង្រឹងសន្តិសុខ សុវត្ថិភាពនិងយុត្តិធម៌សង្គម។

ឯកឧត្តមលី ច័ន្ទតុលាបានលើកឡើងពីអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជាក្នុងការបំផុសស្មារតីដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ឱ្យយល់កាន់តែច្បាស់អំពីគុណតម្លៃនៃសុខសន្តិភាព រួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ ចូលរួមការពារនូវឯករាជ្យ អធិបតេយ្យនិងបូរណភាពទឹកដី។ចូលរួមការពារឱ្យបានដាច់ខាតនូវសុខសន្តិភាពស្ថិរភាពនយោបាយនិងសន្តិសុខសង្គម។
ឯកឧត្តមលី ច័ន្ទតុលាបានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅវិទ្យាល័យស្ទឹងសែននេះត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូអ្នកគ្រូដើម្បីអភិវឌ្ឍខ្លួនជាសសរទ្រូងនៃប្រទេសជាតិនិងគោរពដឹងគុណរាជរដ្ឋាភិបាល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ចៀសឱ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯងគ្រួសារនិងសង្គមជាតិមិនប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទធ្វើឱ្យមានអំពើហិង្សានៅក្នុងគ្រួសារ។
ក្នុងឱកាសនោះឯកឧត្តមលី ច័ន្ទតុលានិងក្រុមការងារលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សបានចូលរួមរាប់បាតព្រះសង្ឃចំនួន១២០អង្គផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





