រដ្ឋបាលខេត្តកំពង់ស្ពឺប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា រលឹកដល់គុណតម្លៃស្រ្តីគ្រប់រូប និងជំរុញឱ្យមានការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំងលើគ្រប់រូបភាព
AKP កំពង់ស្ពឺថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តមយឹម សុខុមប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ម៉េង វ៉ាន់ដានីន ភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី0៨ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥» ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅសាល់ប្រជុំសាលាខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តម យឹម សុខុមបានលើកឡើងថា «ទិវាអន្តរជាតិនារី ៨មីនា» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីរំលឹកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោក ដែលខិតខំប្រឹងប្រែងនិងពុះពារការលំបាកគ្រប់បែបយ៉ាងកាលពីជាង១00ឆ្នាំមុនទាមទារឲ្យអនុវត្តនូវសិទ្ធសេរីភាពរបស់បុរសនិងនារីដោយស្មើភាពគ្នា។ម្យាងទៀតជាគុណតម្លៃស្រ្តីគ្រប់រូប ដែលជាមាតា ជាភរិយា ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ហើយជាវេទិកាដែលជំរុញឱ្យមានការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមរបស់នារីទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺបានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ត្រី លើគ្រប់រូបភាព សង្គម នយោបាយ ជាពិសេស ការអភិវឌ្ឍសមត្ថភាព ការចូលរួមគ្រប់សកម្មភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការសកម្មភាពនានា តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីស្នាដៃស្រ្តីនៃរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួនក្នុងការងារសង្គម ជាពិសេសការជំរុញឱ្យខេត្តកំពង់ស្ពឺដែលជាផ្ទះរបស់យើងទាំងអស់គ្នាមាន«ភាពស្អាត ភាពបៃតង និងការរស់នៅដោយចីរភាព»។

សូមបញ្ជាក់ថា នាពេលកន្លងមក ស្រ្តីក្នុងរដ្ឋបាលខេត្ត ទាំងស្រ្តីជាថ្នាក់ដឹកនាំ ស្រ្តីជាមន្រ្តីរាជការ ស្រ្តីជាមន្រ្តី មូលដ្ឋាននិងក្រុមគ្រួសារ ទទួលបានការលើកទឹកចិត្ត គាំពារ និងគាំទ្រទាំងសមត្ថភាព តួនាទី និងភារកិច្ច ព្រមទាំងបានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបានចូលរួមសកម្មភាពសង្គម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យរបស់ខេត្តកំពង់ស្ពឺនិងគោលនយោបាយនានារបស់រាជរដ្ឋភិបាល។ទាំងអស់នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងលើវិធានការជាវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប៕

ដោយ៖លឹម សាន្ត





