ឯកឧត្តម ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយសហស្ថាបនិកក្រុមហ៊ុន Plug and Play LLC
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងអំពីសមិទ្ធផលនាពេលកន្លងមករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការធ្វើបរិវត្តកម្មឌីជីថលរដ្ឋាភិបាលឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ក៏ដូចជាការចូលរួមចំណែករបស់ក្រសួងក្នុងការលើកកម្ពស់ និងជំរុញធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា។

លោក Jojo Flores សហស្ថាបនិកក្រុមហ៊ុន Plug and Play LLC បានថ្លែងកោតសរសើរចំពោះសមិទ្ធផលនានារបស់ក្រសួង ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយជ្រោមជ្រែងធុរកិច្ចថ្មី ដែលនឹងក្លាយជាកតាលីករជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Jojo Flores បានបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមជម្រាបជូនថា ក្រុមហ៊ុន Plug and Play LLC មានមូលដ្ឋាននៅតំបន់ Silicon Valley នៃសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនអភិវឌ្ឍន៍ធុរកិច្ចថ្មី និងនវានុវត្តន៍សកល។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានដៃគូសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជនជាង៥៥០ក្រុមហ៊ុន និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងស្ថាប័នសាធារណៈជាង៥០ស្ថាប័ន នៅលើពិភពលោក។ ក្រុមហ៊ុន Plug and Play មានធុរកិច្ចថ្មីប្រមាណ ៨០ ០០០ ក្នុងបណ្តាញរបស់ខ្លួន ព្រមទាំងបានវិនិយោគលើធុរកិច្ចថ្មីចំនួន ១ ៦០០ និងបន្តវិនិយោគលើធុរកិច្ចថ្មីចំនួន២៥០បន្ថែមជារៀងរាល់ឆ្នាំ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





