គណៈប្រតិភូជប៉ុនឈ្វេងយល់ពីការវិនិយោគនៅខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- គណៈប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃពុធទី០៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីឈ្វេងយល់ពីសក្តានុពល វិនិយោគនៅខេត្តព្រះសីហនុ និងស្តាប់ពីបរិយាកាសវិនិយោគក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមស្វាគមន៍គណៈប្រតិភូធុរកិច្ចជប៉ុនមកកាន់ខេត្តព្រះសីហនុកម្ពុជា ជប៉ុន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ និងអបអរសាទរទំនាក់ទំនងខួបអនុស្សាវរីយ៍លើកទី៧២ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា ជប៉ុន ព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ចែកចេញ៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ ១១១ភូមិ។ ខេត្តសម្បូរទៅដោយធនធានធម្មជាតិមានកោះតូច ធំ៣២ ឆ្មេរសមុទ្រស្រស់ស្អាតប្រវែង ១៧៥គីឡូម៉ែត្រ មានឧទ្យានលើគោក និងបាតសមុទ្រ ជាសក្តានុពល និងជាមូលដ្ឋានគ្រឹះផ្នែកសេដ្ឋកិច្ច។ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា ជាតារារះនាទិសនិរតី ជាខេត្តស្នូលនៃតំបន់ខេត្តឆ្នេរទាំង៤របស់កម្ពុជា ដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ យើងមានផ្លូវគមនាគមន័ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។ ផ្លូវអាកាស មានព្រលានយន្តហោះអន្តរជាតិមានផ្លូវរត់ ៣ ៣០០ម៉ែត្រ ផ្លូវទឹកមានកំពង់ផែទឹកជ្រៅស្វយ័តក្រុងព្រះសីហនុ ស្ទឹងហាវ និងកែវផុស រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាបីដំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់២០២៩ ឱ្យមានជម្រៅទឹកចាប់ពី១៤,៥០ម៉ែត្រ រហូតដល់១៧,៥០ម៉ែត្រ អាចឱ្យនាវាមានចំណុះ១៦ម៉ឺនតោនចូលចតបាន។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ ទន្ទឹមនោះរាជរដ្ឋាភិបាលបានរៀបចំផែនការមេ ជុំរុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងចែកជា ៤ប្លុកធំៗ ទី១. តំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ២. តំបន់ទីក្រុងសមាហរណកម្ម វិស័យពាណិជ្ជកម្ម ទេសចរណ៍ ៣. បណ្តាកោះក្នុងខេត្ត ជាតំបន់ទេសចរណ៍ និង៤. តំបន់ព្រៃនប់ និងកំពង់សិលា ជាតំបន់កសិកម្ម កសិឧស្សាហកម្ម និងវារីវប្បកម្ម។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការវិនិយោគខេត្តព្រះសីហនុ លើហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវ ឆ្នេរ បន្ទប់ទឹកសាធារណ រូបសំណាក អាងប្រព្រឹត្តកម្មទឹកកខ្វក់ជាដើម។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ និងបន្ត២០២៥ ដូចជា ១. ជួយសម្របសម្រួលអ្នក វិនិយោគ ២. លើកទឹកចិត្តផ្នែកព័ន្ធ ព្រមទាំងសង្ឃឹមថា ប្រតិភូនឹងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៥ មានការលើកទឹកចិត្ត។

លោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានថ្លែងអំណរគុណចំពោះឯកឧត្តម អភិបាលខេត្ត និងសហការី ដែលបានធ្វើបទបង្ហាញក្របខ័ណ្ឌក្នុងខេត្តទាំងមូល ប្រតិភូនិងយល់ពីចំណុចទាក់ទាញនៃការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបានស្ដារឡើងវិញ និងការលើកទឹកចិត្តផ្នែកព័ន្ធជាដើម ក្រៅពីនេះ ក្រុមប្រតិភូបានចាប់អារម្មណ៍ពីប្រពៃណីរបស់កម្ពុជា។


លោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) បានបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុនមកកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលមានក្រុមហ៊ុនធុរកិច្ចមកពីប្រទេសវៀតណាម ថៃ និងចិន ក្នុងគោលបំណងឈ្វេងយល់បរិយាកាសវិនិយោគ និង គោលនយោបាយផ្សេងៗក្នុងការទាក់ទាញវិនិយោគិនមកកាន់កម្ពុជា ពួកគាត់ជាអ្នកវិនិ យោគដែលមានចំណេះដឹង ជំនាញ និងទស្សនវិជ្ជា ហើយដំណើរទស្សនកិច្ចលើកនេះ ជួយបង្កើតឱកាសធុរកិច្ច នៃទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន កម្ពុជា និងបានឈ្វេងយល់ពីទំនាក់ទំនងខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន៕
ដោយ ងូ សុមុនី





