ក្រុមប្រឹក្សាខេត្តព្រះសីហនុបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាល នៃគណ: អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះ សីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលា ខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព ការិ យាល័យចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥។

កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន០៦ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ ១. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភះ ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥)។ ៤. ស្តាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្តគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត។ ៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ និង៦. បញ្ហាផ្សេងៗ។


បន្ទាប់ពីបានស្តាប់របាយការណ៍របស់រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការបូកសរុប វាយតម្លៃចំពោះការខិតខំបំពេញ ការងាររបស់រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ តាមតួនាទីភារកិច្ចប្រកបដោយតម្លាភាព ព្រោះការងារធ្វើបានល្អ វាអាស្រ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា និងឈានទៅធ្វើការអភិវឌ្ឍខេត្តព្រះសីហនុមានការរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលពី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសការយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាបំណងប្រាថ្នាចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ខេត្តព្រះសីហនុត្រូវបានដែលរាជរដ្ឋាភិបាលរៀបចំផែនការមេកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍តំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះទាមទារឱ្យយើងយកចិត្តទុកដាក់ថែរក្សាអំពីសោភ័ណភាព អនាម័យ បរិស្ថាន សន្តិសុខ សុវត្ថិភាពសាធារណៈ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគិនមកស្នាក់នៅកម្សាន្តនៅខេត្តព្រះសីហនុ ឱ្យបានយូរ បង្កើនសេដ្ឋកិច្ឋសង្គម ជាពិសេសសេដ្ឋកិច្ចគ្រួសារកាន់តែល្អប្រសើរថែមទៀត៕
ដោយ ងូ សុមុនី





