សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកផលិតមាតិកា បញ្ឈប់សកម្មភាពបំពានអ្នកដទៃ ដើម្បីបានការចាប់អារម្មណ៍ ដោយមិនគិតពីអារម្មណ៍អ្នកទាំងនោះ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រឿនរំលឹកដល់អ្នកដែលធ្វើមាតិកា លើបណ្តាញសង្គមនានា កុំដើម្បីតែទទួលបានការចាប់អារម្មណ៍ ហើយភ្លេចទៅលើការប៉ះទង្គិចអារម្មណ៍អ្នកដទៃ ត្រូវពិចារណា និងបញ្ឈប់សកម្មភាពទាំងនោះ។
ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ថែមលើសាររបស់សម្តេច ដែលបានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមស៊ីវិល័យ។

ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងឱកាស “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” និងសំណេះសំណាល ជាមួយសិល្បករសិល្បការិនីទូទាំងប្រទេស លើកទី៦ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការគិតគូរ និងពិចារណា នៅក្នុងការធ្វើមាតិការ ខណៈដែលកន្លងទៅ មានករណីមួយចំនួន ដែលមានការជ្រុលជ្រួស បង្កទៅជាការជជែកគ្នា ពេញបណ្តាញសង្គមជាច្រើន។
តួយ៉ាងករណី ការធ្វើវីដេអូ Prank អ្នកលក់សណ្តែកដី និងពិធីករអត្ថាធិប្បាយកីឡាប្រដាល់ ដែលប្រើប្រាស់ពាក្យពេចន៍ប៉ះពាល់ទៅដល់ស្ត្រីភេទជាដើម ។
ក្នុងករណីខាងលើនេះ សម្តេចធិបតី ក៏បានកត់សម្គាល់ឃើញថា មានកើតឡើងច្រើនលើក និងជាយូរមកហើយ ដែលបំពានទៅលើអ្នកដទៃរួចហើយទើបផ្តល់ជាអំណោយ ក្នុងសកម្មភាពមនុស្សធម៌ ទៅកាន់អ្នកទាំងនោះ ។
សម្តេចធិបតី មានប្រសាសន៍ថា "ពេលខ្លះការផ្តោតអារម្មណ៍ គឺយើងផ្តោតទៅលើអ្វីដែលជាការទាក់ទាញ យើងភ្លេចទៅលើការប៉ះទង្គិចទៅលើអារម្មណ៍អ្នកដទៃ ហើយនេះហើយគឺជាអ្វីដែលខ្ញុំ បានដាក់សារតាមហ្វេសប៊ុកខ្ញុំម្សិលមិញ សូមឱ្យអំពាវនាវ ឱ្យគិតគូរពីរឿងនេះ គិតគូរនៅអ្វីដែលជាមូលដ្ឋានជាក់ស្តែង រវាងមនុស្សនិងមនុស្ស" ។

សូមបញ្ជាក់ថា នៅលើបណ្តាញសង្គម នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី គូសបញ្ជាក់ថា អ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតា មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថា សកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំង ទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរង នូវសកម្មភាពឬពាក្យសំដីទាំងនោះទេ។ បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





