សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ត្រូវផ្ទៀងផ្ទាត់បញ្ជីឈ្មោះបុរាណដ្ឋានជាមួយនឹងទីតាំងដីជាក់ស្ដែងដើម្បីជៀសវាងមានភាពតានតឺង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវផ្ទៀងផ្ទាត់បញ្ជីឈ្មោះបុរាណដ្ឋានជាមួយនឹងទីតាំងដីជាក់ស្ដែងដើម្បីជៀសវាងមានភាពតានតឺង ព្រោះនៅកន្លែងខ្លះមានឈ្មោះបុរាណដ្ឋានក្នុងបញ្ជី ប៉ុន្តែបច្ចុប្បន្នក្លាយជាលំនៅឋានរបស់ប្រជាពលរដ្ឋរួចទៅហើយ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុង“ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” និង “ពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី៦ ” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ នាល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិតបីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទីតាំងបេតិកភណ្ឌវប្បធម៌ជាតិ ឬបុរាណដ្ឋាន ត្រូវចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ ដើម្បីរក្សាទុកដល់កូនចៅតជំនាន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា«អ្វីដែលសំខាន់ត្រូវធ្វើបច្ចុប្បន្នភាពឱ្យច្បាស់ ថាតើតំបន់បុរាណដ្ឋានទាំងអស់នោះ អ្វីដែលយើងមាននៅក្នុងបញ្ជីសូមធ្វើឱ្យពិតប្រាកដហើយមើលទៅលើដីជាក់ស្ដែង ព្រោះកន្លែងនេះ កន្លែងខ្លះពេលខ្ញុំចុះទៅតាមមូលដ្ឋានគឺមានប្រជាពលរដ្ឋគាត់មកជួបជាមួយខ្ញុំ គាត់សួរថាសម្ដេចកន្លែងនេះ ធ្វើបានឬទេ ? កន្លែងនេះប្រជាជនបានកាន់កាប់ធ្វើផ្ទះមានប្លង់រឹងរួចទៅហើយចឹងចាំបាច់ត្រូវទាមទារធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ ព្រោះកន្លែងខ្លះដែលយើងកំណត់ថាទីលានបុរាណ ស្ថានីយបុរាណដ្ឋាន ជួនកាលវាលែងជាស្ថានីយបុរាណដ្ឋានទៅហើយ ប៉ុន្តែដោយសារយើងមិនទាន់ធ្វើបច្ចុប្បន្នភាព ចឹងនៅលើក្រដាសគឺលក្ខខណ្ឌនៃការប្រើប្រាស់ដីនេះមានភាពតានតឹង ចឹងដើម្បីធានានូវសុក្រឹតភាព កិច្ចការពីរដែលយើងត្រូវធ្វើគឺទី១.គឺការពារថែរក្សាទីតាំងបុរាណ ការពារអភិរក្សទីតាំងដែលមានតម្លៃវប្បធម៌របស់យើងនៅក្នុងប្រវត្តិសាស្ត្រ។ ទី២.ត្រូវធានានូវការប្រើប្រាស់ដីឱ្យសមរម្យនៅទីកន្លែងដែលសមស្របជាមួយស្ថានភាពរបស់ប្រជាពលរដ្ឋ»។


ជាដំណោះស្រាយចំពោះមុខ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានណែនាំឱ្យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈគ្រប់ខេត្ត-ក្រុង ចុះសហការជាមួយមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងវាស់វែងដើម្បីកំណត់នូវតំបន់មួយចំនួនដែលអាចវាយតម្លៃពីសក្តានុពលវប្បធម៌ដែលសេសសល់តិចតួច ដើម្បីកាត់ឆ្វៀលចេញ ឬផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋតែម្តង។ ក្នុងនោះទៀតសោត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានអះអាងផងដែរថា ក្នុងករណីរកឃើញសក្តានុពលធំធេងនៃមរតកបេតិកភណ្ឌនានាក្នុងពេលអនាគត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏អាចធ្វើការសម្រេចអមិសកម្មលើកម្មសិទ្ធិនេះនៅពេលក្រោយផងដែរ។ ជារួម កិច្ចសហការរវាងក្រសួងទាំងពីរក៏បានទទួលផលវិជ្ជមានដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋបានមួយភាគធំដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





