មន្ទីរព័ត៌មានខេត្តកំពង់ធំប្រារព្ធខួបលើកទី១១៤ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៥
AKPកំពង់ធំ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥--
នៅមន្ទីរព័ត៌មានខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី០៤ខែមីនាឆ្មាំ២០២៥បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២៥ ក្រោមប្រធានបទ"សិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប"ក្រោមអធិបតីភាព លោកស្រី ង៉ែត ណារីនប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំនិងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យនឹងមន្ត្រី មន្ត្រីជាប់កិច្ចសន្យាជាស្ត្រីជាច្រើនរូប។

ក្នុងឱកាសនោះលោកស្រី ង៉ែត ណារីន បានអាន ព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២៥និងបានអំពាវនាវដល់បុរសគ្រប់រូបត្រូវចូលរួមគោរពសិទ្ធិនារីនៅគ្រប់ពេលវេលានិងត្រូវលើកតម្កើងតម្លៃដល់នារីគ្រប់រូបក្នុងសមភាពយេនឌ័រ។

ក្នុងឱកាសនោះលោកស្រីង៉ែត ណារីនបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ហេង សួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួន៦គ្រឿងជូនមន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីបម្រើការងារជំនាញផ្សេងៗតាមភារកិច្ចរៀងៗខ្លួន ស្របតាមការអភិវឌ្ឍរីកចម្រើនក្នុងវិស័យឌីជីថល ក្នុងការបម្រើការងារតាមភារកិច្ចបានទាន់ពេលវេលានិងការរក្សាទុកដាក់ឯកសារបានល្អស្របតាមបច្ចេកវិទ្យាថ្មី ៕

ដោយ៖ ស៊ុ វណ្ណា





