រដ្ឋបាលស្រុកត្រាំកក់ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
AKP ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥--
កាលពីព្រឹកថ្ងៃថ្ងៃទី០៤ខែមីនាឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលស្រុកត្រាំកក់ខេត្តតាកែវ បានរៀបចំប្រារពពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២៥ ក្រោមប្រធានបទ<<សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប>>។
ពិធីអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនោះដោយឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ លោកជំទាវឧកញ្ញាអគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ សុខ កែវច័ន្ទសារុន ភរិយាឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំទាំង១៥ក្នុងស្រុកត្រាំកក់ខេត្តតាកែវ លោកប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកត្រាំកក់ លោក លោកស្រី អភិបាល អភិបាលរង ស្រុកត្រាំកក់ មេឃុំក្រុមប្រឹក្សាឃុំជាស្ត្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកត្រាំកក់ជាស្ត្រីចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះឯកឧត្តម ទួន ស៊ីផាន់ បានមានប្រសាសន៍ថា ការប្រារពពិធីអបអរសាទរខួបលើកទី១១៤ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ គឺសំដៅដល់ការលើកកម្ពស់សិទ្ធិ និងដើម្បីរួមគ្នាបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី នេះគឺជាកិច្ចការអាទិភាព ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ហើយជាភាពចាំបាច់ជាកាលានុវត្តភាព និងជាកាតាលីករថ្មីមួយរួមចំណែកពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពនិងបរិយាបន្ន។ ជាងនេះទៅទៀតការផ្តល់សិទ្ធិអំណាចដល់ស្រ្តី គឺមិនត្រឹមតែបង្កើនភាពជោគជ័យសម្រាប់ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់វឌ្ឍនភាពវិបុលភាពនៃសង្គម និងប្រទេសជាតិទាំងមូល។

ឯកឧត្តម ទួន ស៊ីផាន់ បានមានប្រសាសន៍បន្តថា ស្រី្តនិងក្មេងស្រីគឺជាភ្នាក់ងារនៃការផ្លាស់ប្តូរប្រកបដោយនវានុវត្តន៍ និងជាសមាសភាគដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញ និងពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។យើងទាំងអស់គ្នាចាំបាច់ត្រូវទទួលស្គាល់ គាំទ្រ និងផ្តល់តម្លៃព្រមទាំងបង្កបរិយាកាសឲ្យស្រ្តីនិងក្មេងស្រី បានចូលរួមដោយពេញលេញនិងទទួលបានភាគផលដោយស្មើរភាពពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។សំដៅឆ្ពោះទៅពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្រី្តគឺជាស្នូល”។
ឯកឧត្តម ទួន ស៊ីផាន់ បានមានប្រសាសន៍បន្ថែមថា សន្តិភាពជាកត្តាចំបងក្នុងការកំណត់ពីសិទ្ធិនិងតួនាទីរបស់ស្ត្រី។មានសន្តិភាពទើបសិទ្ធិនិងតួនាទីស្ត្រីនៅក្នុងសង្គម ត្រូវបានលើកកម្ពស់និងការពារ។នៅពេលប្រទេសជាតិជួបភ្លើងសង្គ្រាម តួនាទីនិងសិទ្ធិរបស់ស្ត្រីនឹងបាត់បង់មុនគេ។ដូច្នេះការថែរក្សាសុខសន្តិភាព ជាការចាំបាច់បំផុតរបស់ស្ត្រី ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប។មានសន្តិភាពមានការអភិវឌ្ឍ មានសន្តិភាពស្ត្រីនិងប្រជាពលរដ្ឋទូទៅ មានសិទ្ធិសេរីភាពស្មើគ្នាដូចពេលបច្ចប្បន្ននេះ។ក្រោមម្លប់នៃសុខសន្តិភាព គ្រប់គ្នាមានសិទ្ធិមានសេរីភាព ហើយសមភាពយេនឌ័រ ត្រូវបានការពារនិងលើកកម្ពស់ជានិច្ច។

នាឱកាសនោះផងដែរ ឯកឧត្តម លោកជំទាវឧកញ៉ាគណៈអធិបតី និងអភិបាលស្រុកត្រាំកក់ បានប្រគល់ជូននូវវត្ថុអនុសាវរីយ៍និងថវិកា ដល់សមាជិកសមាជិកា ចូលរួមដោយផ្តល់ជូនក្នុង១នាក់ៗទទួលបាន ក្រណាត់ស៊ឹងខ្មែរ ១សំពត់ និងថវិកាចំនួន ៦០,០០០រៀល៕
ដោយ៖ អ៊ុច សៀង





