ឯកឧត្តម ឃួង ស្រេង: ខ្ញុំចង់ឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបទពីការធ្វើដំណើរដោយរថយន្តឯកជន ត្រឡប់មកធ្វើដំណើរដោយមធ្យោបាយរួម ឬតាមរយៈថ្មើរជើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ --
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា "ខ្ញុំចង់ឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបទ ពីការធ្វើដំណើរដោយរថយន្តឯកជន វិលត្រឡប់មកធ្វើដំណើរដោយមធ្យោបាយរួម ឬធ្វើដំណើរតាមរយៈថ្មើរជើងវិញ។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈដែលឯកឧត្ដម និងលោកជំទាវ បានធ្វើដំណើរកម្សាននៅលើផ្លូវថ្មើរជើង Walk Street កាលពីថ្ងៃអាទិត្យ ដោយបានបង្ហាញពីភាពសប្បាយរីករាយ ដោយសារតែគម្រោងបើកឱ្យដំណើរការផ្លូវថ្មើរជើងនេះទទួលបានជោគជ័យ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីក្រៅតំបន់ប្រហែលជា ៤ ទៅ ៥ម៉ឺននាក់ក្នុងមួយថ្ងៃបានមកដើរលេងកំសាន្តសប្បាយ។

នៅក្នុងដំណើរត្រួតពិនិត្យវឌ្ឍនៈភាពផ្លូវថ្មើរជើងមាត់ទន្លេនេះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ឱ្យដឹងថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានណែនាំឱ្យរាជធានី ខេត្តទាំងអស់ត្រូវបង្កើតនូវសមទ្ធិផលថ្មីៗឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិក្នុងដែនសមត្ថកិច្ចបស់ខ្លួន ធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋដែលធ្វើអាជីវកម្ម លក់ដូរក្នុងមូលដ្ឋានរបស់ខ្លួននេះ មានជីវភាពល្អប្រសើរ។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញយើង ក្រោមការដឹកនាំរបស់សម្តេច យើងក៏បានរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះឡើង ដើម្បីទាក់ទាញទេសចរណ៍ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរំលឹកថា កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅចុងអាណត្តិទី៦ សម្ដេចបានណែនាំថា រាជធានីភ្នំពេញត្រូវរៀបចំព្រឹត្តិការណ៍ធ្វើផ្សាររាត្រី ក៏ដូចជាផ្លូវថ្មើរជើង ធ្វើយ៉ាងណាដើម្បីទាក់ទាញទេសចរណ៍ ដែលវាជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងភាពស៊ីវីល័យ ឱ្យពួកគាត់ប្តូរឥរិយាបទពីធ្វើដំណើរដោយរថយន្ត ដោយយានយន្ត ត្រីចក្រយាន មកធ្វើដំណើរដោយថ្មើរជើង។ ការធ្វើដំណើរថ្មើរជើង វាជាប្រយោជន៍ច្រើនក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិ និងសុខមាលភាពផ្ទាល់ខ្លួនរបស់ពួកគាត់។ សុខមាលភាពប្រជាពលរដ្ឋ គឺជាសុខមាលភាពរបស់ថ្នាក់ដឹកនាំ ហេតុដូច្នេះហើយ ទើបសម្តេចមហាបវរធិបតី ជំរុញឱ្យរាជធានី-ខេត្តទាំងអស់រៀបចំព្រឹត្តិការណ៍ផ្លូវថ្មើរជើងនេះ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ហើយវាក៏ជាជំនួយដល់សុខមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ។

នៅក្នុងរាជធានីភ្នំពេញ តម្រូវការមួយដែលយើងចង់បាននោះ គឺការប្តូរឥរិយាបទប្រជាពលរដ្ឋពីការធ្វើដំណើរដោយរថយន្តឯកជនត្រឡប់មកធ្វើដំណើរដោយមធ្យោបាយរួម ឬក៏ធ្វើដំណើរតាមរយៈថ្មើរជើងវិញ។ តាមរយៈការធ្វើដំណើរថ្មើរជើង ពួកគាត់នឹងទទួលបានសុខភាព និងមិនប៉ះពាល់ដល់លំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញដែលកំពុងតែកកស្ទះចរាចណ៍។
ការរៀបចំបង្កើតផ្លូវថ្មើរជើងនេះ យើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ពោលគឺនៅថ្ងៃដែលយើងបើកដំបូងកាលពីថ្ងៃទី០១ ខែកុម្ភៈ គឹប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានយកយានយន្តរបស់ពួកគាត់ចេញទៅខាងក្រៅ ផ្ញើនៅខាងក្រៅ ដោយទុកឱកាសឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ចូលរួមដំណើរកម្សាន្ត។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្រៅតំបន់ គឺមានចំនួនប្រហែល ៤ ទៅ ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយបានបង្ហាញពីភាពសប្បាយរីករាយនៅក្នុងការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី។ សម្តេចធិបតីបានណែនាំឱ្យអាជ្ញាធររាជធានី ធ្វើយ៉ាងណាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរឱ្យបានល្អ។

គិតត្រឹមថ្ងៃនេះ ផ្លូវថ្មើរជើងនេះបានដាក់ឱ្យដំណើរការបានរយៈពេលមួយខែគត់ តែចំពោះសន្តិសុខសុវត្ថិភាព គឺទទួលបានល្អឥតខ្ចោះ។ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា រដ្ឋបាលរាជធានីបាននិងកំពុងរៀបចំជាបណ្តើរៗថែមទៀត ដោយទី១ យើងនឹងរៀបចំសិល្បៈវប្បធម៌ដែលជាប្រពៃណីជាតិយើង ដើម្បីបង្ហាញអំពីស្នាដៃ និងវប្បធម៌ដ៏ល្អផូផង់របស់ដូនតាយើងដែលបន្សល់ទុកមក បង្ហាញដល់យុវជនជំនាន់ក្រោយអំពីវប្បធម៌របស់យើង ដូចជាល្ខោនបាសាក់ ចាប៉ីដងវែង ចម្រៀងអាយៃ ដែលយើងនឹងខិតខំប្រឹងប្រែងទាក់ទាញដល់អ្នកសិល្បករឱ្យមកសម្តែងបង្ហាញសមត្ថភាពជូនដល់ទស្សនិកជន។ នៅក្នុងនោះរួមមានទាំងសៀករហ័សកម្មរបស់ជនបរទេសដែលមិនមានការគ្រោងទុក បានមកលេងជាមួយនឹង ប្រជាពលរដ្ឋដែលឈរមើលយ៉ាងច្រើនកុះករផងដែរ។ បន្ថែមពីនេះ យើងនឹងរៀបចំឱ្យមានការលក់ដូរម្ហូបចំណី បង្អែមប្រពៃណីជាតិ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ៕
ដោយ: សួស សំរឹត





