ក្រសួងផែនការបើកសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងផែនការបានបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍ដែលរៀបចំឡើងនៅសណ្ឋាគារ ដឹវ៉ាយ ផាលេសរីក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជ្រាបនូវចំណេះដឹងថ្មីៗទៀតដល់មន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិដើម្បីធានានូវភាពជោគជ័យនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសនោះ។

ពិធីនេះធ្វើឡើងដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ប៊ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ ក្រសួងផែនការ ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត និងតំណាងដៃគូពាក់ព័ន្ធចំនួន ជិត១០០នាក់ ដែលមកពីខេត្ត បន្ទាយមានជ័យ ព្រះវិហារ និងឧត្តរមានជ័យ។
មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលានេះនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៊ូច ប៊ុណ្ណាក់ បានមានប្រសាសន៍ថា វគ្គសិក្ខាសាលានេះគឺជាឱកាសសម្រាប់ពិភាក្សា បកស្រាយ និងចែករំលែកចំណេះដឹងទៅកាន់អ្នកអនុវត្តក្នុងមូលដ្ឋាន អំពីរបៀបអនុវត្តយុទ្ធសាស្ត្រជាតិឆ្នាំ២០២៤-២០៣០ ដោយស្ថិតក្រោមក្របខ័ណ្ឌសន្តិភាព និងការអភិវឌ្ឍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ប៊ូច ប៊ុណ្ណាក់ បានបញ្ជាក់ថា ការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយជាតិប្រជាជនយុទ្ធសាស្ត្រជាតិសម្រាប់សុខភាពផ្លូវភេទនិងសិទ្ធបន្តពូជផែនការយុទ្ធសាស្រ្តសុខាភិបាលផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រីផែនការយុទ្ធសាស្រ្តដើម្បីលើកកម្ពស់សមភាពយែនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី និងក្របខ័ណ្ឌក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
នាយកដ្ឋានផែនការ និងដៃគូសហប្រតិបត្តិការបានអះអាងថា យុទ្ធសាស្ត្រឆ្នាំ២០២៤-២០៣០ នឹងផ្តោតលើការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចសម្បូរបែប និងការអនុវត្តបច្ចេកវិទ្យាទំនើបៗ ដោយសហការជាមួយខេត្តជាក់លាក់។ ពិធីនេះក៏ជាស្នាដៃនៃការខិតខំបង្រួបបង្រួមគ្នារវាងរដ្ឋាភិបាលកណ្តាល អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ដើម្បីបំពេញបេសកកម្មជាតិឆ្ពោះទៅរកភាពជាប្រទេសមហាអំណាចកម្រិតមធ្យមក្នុងឆ្នាំ២០៣០។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យអ្នកចូលរួមយកចិត្តទុកដាក់លើការស្តារសន្តិភាព ការពង្រឹងសន្តិសុខសង្គម និងការបង្កើនប្រសិទ្ធភាពនៃការចាត់ចែងធនធានដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយយូរអង្វែង។
វគ្គសិក្ខាសាលានេះបានបង្ហាញពីភាពច្បាស់លាស់នៃយុទ្ធសាស្ត្រជាតិ និងការត្រៀមខ្លួនរបស់អាជ្ញាធរមូលដ្ឋានក្នុងការធ្វើឱ្យយុទ្ធសាស្ត្រនេះក្លាយជាការពិត។ ក្រសួងផែនការនឹងបន្តគាំទ្រ និងតាមដានការអនុវត្តតាមរយៈការប្រឹក្សាប្រចាំឆ្នាំជាមួយខេត្ត ដើម្បីធានានូវភាពជោគជ័យនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេស។
សូមបញ្ជាក់ថាសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា ឆ្នាំ២០២៤- ២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ នៃក្រសួងផែនការ រយ:ពេល២ថ្ងៃ (០៤-០៥ ខែមីនា ២០២៥) នៅសណ្ឋាគារ ដឹវ៉ាយផាលេស រីសត ខេត្តបន្ទាយមានជ័យ៕
ដោយ ឈុន សារ៉ាត





