ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ៖ទំនុកចិត្ត រវាងរដ្ឋ និងវិស័យឯកជន នាំមកនូវការវិនិយោគ និងការរីកចម្រើនជាមួយគ្នាជាបន្តបន្ទាប់
AKP កំពង់ស្ពឺថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានរៀបរាប់ពីបរិយាកាសដែលនាំមកនូវការអភិវឌ្ឍ និងការទទួលការវិនិយោគជាបន្តបន្ទាប់ទាំងក្នុង និងក្រៅប្រទេស។ មានប្រសាសន៍បែបនេះក្នុងពិធី សំណេះសំណាលជាមួយ ម្ចាស់ រោងចក្រ សហគ្រាស ដែលប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺជិត៤00នាក់នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា មិនថា រាជរដ្ឋាភិបាល អាណត្តិមុនៗ ឬ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានបង្កបរិយាកាសអំណោយផល សម្រាប់ការវិនិយោគ ព្រមទាំងមានឆន្ទៈនយោបាយខ្ពស់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ កិច្ចសហប្រតិបត្តិការទាំងអស់នេះ សុទ្ធតែបានកើតចេញពីទំនុកចិត្តមកលើសមត្ថភាពដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។

"ខ្ញុំចង់ឃើញវិស័យឯកជននៅក្នុងស្រុក និងក្រៅស្រុក មានភាពរីកចម្រើនជាបន្តបន្ទាប់ និងជាដៃគូដ៏មានសក្តានុពលរបស់កម្ពុជា ដើម្បីការរីកចម្រើនជាមួយគ្នា។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កបរិយាកាសអំណោយផលដល់អ្នកវិនិយោគទាំងអស់ ហើយកត្តាសុខសន្តិភាព ស្ថិរភាព គឺជាការងារអាទិភាពរបស់រាជរដ្ឋាកភិបាល។ សូមឱ្យវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិតក៍បានក្រើនរម្លឹកដល់អាជ្ញាធរពាក់ព័ន្ធត្រូវផ្តល់សេវាកម្មជូនដល់អ្នកវិនិយោគក៍ដូចជាអ្នករកស៊ីទទួលទានប្រកបដោយមេត្រីភាពបរិស្ថាន ការបំពេញវិជ្ជាជីវៈប្រកបដោយក្រមសីលធ៏ម និងស្មោះស្ម័គ្រ ពេញបេះដូងដើម្បីទទួលបានទំនុកចិត្ត ក្តីស្រឡាញ់ពីអ្នកវិនុយោគនិងបងប្អូនរកស៊ីទទួលទានឆ្ពោះទៅការរីកចម្រើនក្នុងសហគមន៍និងក្នុងខេត្តកំពង់ស្ពីទាំងមូលជាមួយគ្នា។មានន័យថា"នៅពេលដែលយើងផ្តល់សេវាល្អ អ្នកវិនិយោគ គាំទ្រនិងសប្បាយចិត្ត យើងនឹងទទួលបានផលជាមួយគ្នាដែរ "។រយៈមួយព្រីក អង្គពិធីដឹកនាំដោយឯកឧត្តមយឹម សុខុមប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានស្តាប់បទបង្ហាញនិងបញ្ហាប្រឈមនានារបស់អ្នកវិនិយោគយ៉ាងយកចិត្តទុកដាក់ សួរសំណួរដេញដោលយ៉ាងផុលផុស ដែលមានប្រយោគ ភាសាបានផុសចេញដោយស្មោះស្ម័គ្រ នៅក្នុងបទបង្ហាញនីមួយៗ ដែលជាទឹកចិត្តក្នុងការយកបេះដូងមកបម្រើជាតិ ដើម្បីទទួលបានទំនុកចិត្ត ក្តីស្រឡាញ់ពី អ្នកវិនិយោគ ឆ្ពោះទៅការរីកចម្រើនក្នុងខេត្តនិងចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយគ្នា៕
ដោយ៖លឹម សាន្ត





