អភិបាលស្រុកស្ទោងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសមិទ្ធផលដែលអាជ្ញាធរ និងរាជរដ្ឋាភិបាលកសាងជូន
AKP កំពង់ធំ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ -- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសមិទ្ធផលដែលអាជ្ញាធរ និងរាជរដ្ឋាភិបាលសាងសង់ជូន ក្នុងឱកាសដែលលោកអញ្ជើញចុះពិនិត្យមើលការបំពាក់សូឡាបំភ្លឺនៅលើផ្លូវបេតុងស្ថិត នៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

លោក សាយ គឹមឡម បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតធ្វើឱ្យស្រុកស្ទោងមានការអភិវឌ្ឍជាលំដាប់ដូចជា ហេដ្ឋារចនាសម្ព័ន្ធទូទៅ ប្រព័ន្ធធារាសាស្ត្រសំណង់ផ្សេងៗ និងអំពូលសូឡាដាក់បំភ្លឺផ្លូវនៅក្នុងឱកាសនេះជាតឹកតាងស្រាប់។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុកស្ទោងបានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនត្បូងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះត្រូវជួយសហការ ដើម្បីថែរក្សាការពារសូឡា សម្អាតនិងថែរក្សាបរិស្ថាន រក្សាចំណីផ្លូវ ព្រមទាំងប្រព័ន្ធលូរំដោះទឹកដើម្បីសោភ័ណភាព និងអនាម័យជាពិសេសថែរក្សាដីចំណីផ្លូវឱ្យបានធំទូលាយសម្រាប់ថ្មើរជើង និងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

លោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋសប្បុរសជននៅក្នុងមូលដ្ឋានដែលបានចូលរួមសហការជាមួយរដ្ឋបាលស្រុក និងឧបត្ថម្ភសូឡាសម្រាប់បំពាក់នៅលើផ្លូវនេះដើម្បីជាការបំភ្លឺផ្លូវពេលរាត្រី លើកសោភ័ណភាព ការចូលរួមរក្សានូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងលើកមុខមាត់ស្រុកស្ទោងទាំងអស់គ្នា។ សូមបញ្ជាក់ថា ការដាក់បំពាក់សូឡានៅពេលនេះមានចំនួន១៤ដើម លើផ្លូវប្រវែង៣០០ម៉ែត្រចាប់ពីផ្លូវជាតិលេខ៦រហូតដល់ស្ពានថ្មស្ទឹងស្ទោងព្រំប្រទល់ឃុំទ្រា៕

ដោយ ស៊ុម វណ្ណា





