ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប ក្នុងការអនុវគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២
AKP សៀមរាប ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ -- គម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី១ នឹងត្រូវបញ្ចប់ នៅក្នុងខែឧសភាឆ្នាំ២០២៥នេះ។ ប៉ុន្តែទោះយ៉ាងនេះក្តី គម្រោងមួយនេះ នឹងចាប់ផ្តើមនូវដំណាក់កាលទី២ របស់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២៥ ក្រោមជំនួយរបស់អង្គការចៃកា ជប៉ុន។

លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC)លើកទី៧ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា ទីក្រុងខេត្ត សៀមរាប នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះថា នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ គម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី១ និងត្រូវបានបញ្ចប់ ហើយដំណាក់ទី២នេះ ក៏នឹងត្រូវចាប់ផ្តើមបន្តនៅខែសីហា ឆ្នាំ២០២៥ ដោយអង្គការចៃកា ។
លោកអភិបាលរង បានបន្ថែមថា ដំណាក់កាលទី១ បានចាប់ផ្តើមឡើងក្រោមជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។ ក្នុងដំណាក់កាលនោះ JICA បានជួយសិក្សាស្វែងរកបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងក្រុងសៀមរាប និង បានរៀបចំជាផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដែលផែនទីបង្ហាញផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈកាលពី ខែមីនា ឆ្នាំ២០២៣។

លោកបន្តថា នៅក្នុងតំណាក់កាលនេះ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសហការអនុវត្តនូវគម្រោងសាកល្បងចំនួន ០៨ រួមមាន ១. ការកែលម្អការប្រមូលសំរាម ២. ការត្រួតពិនិត្យការចតយានយន្តខុសច្បាប់ ៣. ឌីជីថលនីយកម្ម នៃស្ថិតិទេសចរណ៍ ៤. ប្រព័ន្ធតាមដានលំហូរឯកសារផ្ទៃក្នុងរបស់រដ្ឋបាលខេត្ត ៥.គម្រោងត្រួតពិនិត្យបរិស្ថានទីក្រុងដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញា(Sensor) ៦. កិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ ៧.ការប្រមូល និងដឹកជញ្ជូន សំរាមឆ្លាតវៃ និង៨. ថ្នាលទិន្នន័យទីក្រុងឆ្លាតវៃសៀមរាប(SSDaP)។

លោកអភិបាលរងខេត្តសៀមរាប បានបន្តថា ក្នុងចំណោមគម្រោងទាំង៨នោះ មានគម្រោងចំនួន៦កំពុងត្រូវបានអនុវត្តបំពេញឱ្យទៅជាគម្រោងពេញលេញ និងពង្រីកមុខងារបន្ថែម។ លោកបន្តថា ជាមួយគ្នានេះ ដើម្បីជំរុញឱ្យផែនទីបង្ហាញផ្លូវអនុវត្តកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្ត ក៏បានបង្កើតនូវវេទិការទីក្រុងឆ្លាតវៃ ដែលមានការចូលរួមពីវិស័យឯកជនផងដែរ ដែលយន្តការនេះ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូ សម្រាប់រាជធានី និងក្រុងផ្សេងទៀតរបស់កម្ពុជា ដែលជាសមាជិកទីក្រុងវៃឆ្លាតអាស៊ាន។
លោក អាបេ ម៉ាសាណូរីអូ (ABE Masanorio) ប្រធានក្រុមការងារទី២ ទទួលបន្ទុកការអភិវឌ្ឍទីក្រុង និងតំបន់នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានថ្លែងថា យន្តការវេទិការទីក្រុងឆ្លាតវៃ ដែលបង្កើតឡើងដោយរដ្ឋបាលខេត្តសៀមរាប ពិតជាបានបង្កើតឱកាស និងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន រួមជាមួយសហគមន៍ ហើយយន្តការនេះក៏ជំរុញទីក្រុងសៀមរាប កាន់តែមានមុខមាត់ទាំងនៅឆាកជាតិ និងអន្តរជាតិ។
លោកអាបេ រំពឹងថា យន្តការនេះក៏នឹងជួយឱ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូមួយរបស់កម្ពុជាផងដែរ។ ចំណែកលោក ហ៊ីរ៉ូណុ តំណាងក្រុមទីប្រឹក្សាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក៏បានលើកឡើងដែរថា បើគិតពីប្រាំឆ្នាំមុន យើងបានចាប់ផ្តើមគម្រោងដោយការលំបាកបំផុតព្រោះវាកំពុងស្ថិតនៅក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែដោយបានការប្តេជ្ញាចិត្តយើងសម្រចបានការងារយ៉ាងច្រើនប្រកបដោយភាពបត់បែន។ ដូច្នេះការធ្វើឲ្យទីក្រុងសៀមរាប ក្លាយជាក្រុងឆ្លាតវៃ វានៅមិនទាន់បញ្ចប់ទេ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកបញ្ជាក់ថា “ជប៉ុនមិនទៅណានោះទេ។ ជប៉ុននៅតែនៅជិតលោកអ្នកជានិច្ច”៕ដោយ៖
ដោយ ឃុត សៅ





