ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារពខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ « សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ ច័ន្ទមិនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាអភិបាលរងខេត្ត និងតំណាងស្ត្រីមកពីតាមមន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើនអ្នកផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ទិវានារីអន្តរជាតិនាឆ្នាំនេះ គឺបានធ្វើឡើងក្រោមប្រធានបទ “សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ចំពេលដែលប្រទេសជាតិយើង កំពុងតែមានសុខសន្តិភាព ស្ថេរភាពនយោបាយល្អ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឱកាសក្នុងខ្លឹមសារ លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹង សមភាពយេនឌ័រ នៅក្នុងសង្គម អោយមានកំរិតខ្ពស់។ ការប្រារព្ធទិវានេះដើម្បីរំលឹកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាព រវាងបុរស និងស្រ្តីនៅក្នុងសង្គម។ ប្រធានបទមួយនេះគឺសម្រាប់ដាក់ចេញជាសកម្មភាពគន្លឹៈក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោលការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ប្រទេសមានសន្តិភាព កិត្តិយស កិត្តិនាម នៅក្នុងតំបន់ក៏ដូចជានៅក្នុងពិភពលោក ប្រជារាស្រ្តមានសេចក្តីសុខវឌ្ឍនភាព។

ឯកឧត្តមបានបញ្ជាក់ទៀតថា ស្ត្រីជាមាតានៃសង្គម ស្ត្រីមានសារៈសំខាន់ចំពោះប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ហើយប្រព័ន្ធទាំងពីរនេះ ក្នុងការឆ្លើយតបទៅនឹងគ្រោះអាសន្ន ការអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យមានជំនាញ និងចំណេះដឹង ស្របទៅតាមការវិវឌ្ឍន៍របស់សង្គម សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ ព្រមទាំងគិតគូរទៅលើការថែទាំសុខភាព ហានិភ័យការងារ និងពិការភាព ព្រមទាំងសោធននិវត្តន៍ពេលវ័យចំណាស់។ ហើយនេះជាលទ្ធផលដ៏វិជ្ជមាននៃការអនុវត្តគោលនយោបាយជាតិ ដែលធ្វើឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចខ្ពស់ នាំមកនូវភាពរីកចម្រើន ថ្កុំថ្កើននៅពេលនេះ ។

ក្នុងបរិបទនេះឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមទៀតថា ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាពដើម្បីធានាស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព និងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចព្រមទាំង អនុវត្តសិទ្ធចូលរួមដោយស្មើភាពគ្នា ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងរស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខុមាលភាព។

ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ៨មីនាឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងក្រុមការងារ បានរៀបចំវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិកសមាជិកាដែលបានអញ្ជើញចូលរួមចំនួន៧៦នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ ក្រមា១ កម្រងបាច់ផ្កា និងថវិកា៥ម៉ឺនរៀលផងដែរ៕
ដោយ បៃ ស៊ីថុន





