ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញបន្តដំណើរចុះសួរសុខទុក្ខនៅមូលដ្ឋានទ័ពអាកាស ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- បន្ទាប់ពីបានចុះសួសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាលកងទ័ពជើងអាកាស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមូលដ្ឋានទ័ពអាកាស ខេត្តបាត់ដំបងបន្តទៀត និងត្រួតពិនិត្យតំបន់ព្រលានយន្ដហោះខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសម្តេចពិជ៏យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ជូនចំពោះ នាយទាហាន ពលទាហាន មូលដ្ឋានទ័ពអាកាសបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ និងជូនពរឱ្យទាហាន នាយទាហានរង និងពលទាហាន ទាំងអស់មានសុខភាពល្អ សម្រេចការងារគ្រប់ភារកិច្ចល្អប្រសើរជូនជាតិមាតុភូមិ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនូវយុទសាស្ត្រ បញ្ចាកោណដំណាក់កាលទី១ ដើម្បីបន្តកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្ដម ទៀ សីហា បានជំរុញឱ្យនាយទាហាន ពលទាហាន កងទ័ពជើងអាកាស មូលដ្ឋានបាត់ដំបង ត្រូវខិតខំបំពេញការងារ ចូលរួមថែរក្សាអោយបានល្អនូវរាល់សម្ភារៈ គ្រឿងបំពាក់ យន្តហោះ ក្នុងបរិវេណក្នុងព្រលានយន្ដហោះខេត្តបាត់ដំបង អោយបានគង់វង្ស។ បន្ទាប់មកឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្ដី បានប្រគល់ថវិកា ដល់មូលដ្ឋានទ័ពអាកាសបាត់ដំបង សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ៕

ដោយ សំ សាម៉ន





