ឯកឧត្តម ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍ និងធាតុចូលបន្ថែមដល់ក្រសួងសុខាភិបាល រដ្ឋបាលរាជធានី-ខេត្ត ក្រសួង/ស្ថាប័ន និងភាគីពាក់ព័ន្ធ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥--ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤៤ ស្តីពី «សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត» កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ និងធាតុចូលបន្ថែមដល់ក្រសួងសុខាភិបាល រដ្ឋបាលរាជធានី-ខេត្ត ក្រសួង/ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព តាមតួនាទី និងភារកិច្ចរបស់ស្ថាប័ននូវកិច្ចការអាទិភាពមួយចំនួន ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរាជរដ្ឋាភិបាល។

អនុសាសន៍ និងធាតុចូលទាំងនោះរួមមាន៖ ១) បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌលសុខភាពឱ្យកាន់តែរឹងមាំក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភាព និងសុវត្ថិភាព ដើម្បីប្រជាជនមូលដ្ឋានទទួលបាននូវសេវាថែទាំសុខភាពស្របតាមលក្ខខ័ណ្ឌបច្ចេកទេស ស្ថានភាពភូមិសាស្រ្ត និងហិរញ្ញវត្ថុ និយាមវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនមូលដ្ឋាន និងជំរុញការចូលរួមរបស់សហគមន៍។ ២) បន្តពង្រឹងសមត្ថភាពបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុកឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុកត្រូវមានសមត្ថភាពបច្ចេកទេសសមស្របតាមនិយាមស្តង់ដា ដើម្បីគ្រប់គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបានបញ្ជូនមកពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។ ៣) បង្កើនការយល់ដឹងរបស់ប្រជាជន យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លង និងការប្រតិបត្តិការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាព តាមរយៈការអប់រំសុខភាពក្នុងមូលដ្ឋានសុខាភិបាល ការចុះផ្តល់សេវាសុខភាពតាមសហគមន៍ និងតាមយន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ៤) បញ្រ្ជាបសារអប់រំសុខភាពប្រកបដោយនវានុវត្តន៍ឱ្យបានច្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាពដល់កុមារ និងយុវជនក្នុងវ័យសិក្សាឱ្យប្រតិបត្តិឥរិយាបថល្អចំពោះសុខភាព ហើយអាចក្លាយជាទម្លាប់ល្អពេញមួយជីវិតរស់នៅ តាមរយៈការលើកកម្ពស់កិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសរវាងមណ្ឌលសុខភាព និងសាលារៀន និង៥) បង្កើនការគ្របដណ្តប់ និងការប្រើប្រាស់សេវា និងព័ត៌មានសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនដល់ប្រជាជន តាមរយៈការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពស្របតាមពិធីសារជាតិ ឬស្តង់ដាប្រតិបត្តិគ្លីនិក។

អន្តរាគមន៍នៃការផ្តល់សេវាថែទាំសុខភាពត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់ ហើយប្រជាជនអាចប្រើប្រាស់បាននៅរាល់ពេលត្រូវការប្រកបដោយគុណភាព រីឯតម្លៃសេវាទៀតសោតសមនឹងទទួលយកបាន។ សូមបន្តជំរុញឱ្យមានសេវា ២៤ម៉ោង ក្នុង១ថ្ងៃ និង៧ថ្ងៃ ក្នុង១សប្តាហ៍នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិតទូទាំងប្រទេស៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





