ឯកឧត្តម គួច ចំរើន ជំរុញឱ្យកសិករទាំងអស់ត្រូវដាំបន្លែដែលមានសុវត្ថិភាព
AKP កណ្ដាល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញឱ្យប្រជាកសិករទាំងអស់ដាំបន្លែដែលមានសុវត្ថិភាព និងគុណភាព មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋជាអ្នកបរិភោគ ពិសេសខ្លួនឯងជាអ្នកដាំផ្ទាល់។ ឯកឧត្តមបានជំរុញបែបនេះក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យការដំណាំបន្លែសុវត្ថិភាពរបស់ប្រជាកសិករនៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការដាំបន្លែសុវត្ថិភាព ប្រកបដោយគុណភាព ដោយប្រើប្រាស់នូវជីកំប៉ុស្ត ជីទឹក ដែលផ្សំពីបន្លែផ្លែឈើ ប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតផ្សំពីរុក្ខជាតិ ដែលប្រជាពលរដ្ឋអាចផលិតបានដោយខ្លួនឯង ធ្វើឱ្យបន្លែរបស់យើងជាបន្លែដែលសុវត្ថិភាព ប្រកបដោយគុណភាព ហើយអ្នកដែលបរិភោគបន្លែសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាព ប្រសិនបើយើងប្រើប្រាស់ជីគីមី ថ្នាំគីមីសម្លាប់សត្វល្អិត មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគបន្លែនោះទេ ពិសេសអ្នកដាំផ្ទាល់ដែលជាអ្នកនៅផ្ទាល់ជាមួយថ្នាំរាល់ថ្ងៃ ប្រឈមនឹងបញ្ហាសុខភាពខ្លាំងផងដែរ។

ឯកឧត្តមអភិបាលខេត្តបានស្នើដល់ប្រជាកសិករទាំងអស់រៀបចំចងក្រងបង្កើតជាបណ្ដុំអាជីវកម្ម ឬចូលរួមជាមួយ សហគមន៍កសិកម្ម ដើម្បីចុះកុងត្រាជាមួយក្រុមហ៊ុនបញ្ជាទិញ មានន័យថាបន្លែរបស់យើងដែលដាំបាន មានតម្លៃមួយតាមកិច្ចសន្យា មិនមានការធ្លាក់ថ្លៃ ឬគ្មានទីផ្សារឡើយ។ ខេត្តកណ្តាលគឺជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ជាច្រើនរួមមាន ដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដោយឡែក ដំណាំបន្លែ ផ្លែឈើ ជាដំណាំផ្តល់នូវប្រាក់ចំណូលខ្ពស់ និងមានសក្តានុពល ក្នុងការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយត្រូវបានធ្វើការដាំដុះនៅគ្រប់រដូវកាលទាំងប្រាំង និងវស្សា ផងដែរ ដោយសារដីមានជីជាតិល្អ និងមានប្រភពទឹកគ្រប់គ្រាន់ពីទន្លេ បឹង និងព្រែកជាច្រើន។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱ្យដឹងថា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនវិស័យកសិកម្ម ស្របតាមទស្សនវិស័យ និងផែនការយុទ្ធសាស្ត្រ មន្ទីរបានរៀបចំកសាង "ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍមាសបៃតង ខេត្តកណ្តាល ២០២៣-២០៣០" ក្រោមយុទ្ធសាស្ត្រសំខាន់ៗ៣ រួមមាន៖ ទី១. ជំរុញផលិតកម្មប្រកបដោយសុវត្ថិភាព និងគុណភាព ទី២. ការសម្របសម្រួល និងសហប្រតិបត្តិការ និងទី៣. ទីផ្សារ ដោយបានរៀបចំចងក្រងបង្កើតបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន៦បណ្ដុំ ស្រុកស្អាង៥បណ្ដុំ និងក្រុងសំពៅពូន១បណ្ដុំ ដែលមានកសិករសរុប ១៨០គ្រួសារ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





