ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារនៅវរសេនាតូចលេខ៦៦២
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយនាយ ពលទាហាន វរសេនាតូចលេខ៦៦២ និងផ្នែកសឹករងទឹកផុស នៅទីបញ្ជាការវរសេនាតូចលេខ៦៦២ ស្ថិតក្នុងភូមិរមាស ឃុំរមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានអញ្ជើញពិនិត្យមើលអគារស្នាក់នៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ឧបត្ថម្ភដល់កងវរសេនាតូចលេខ៦៦២ ០១ខ្នង និងផ្នែកសឹករងទឹកផុស ០១ខ្នង ដែលបានសាងសង់រួចរាល់ជាស្ថាពរ និង បានប្រគល់ជូនអង្គភាពប្រើប្រាស់រួចហើយ ព្រមទាំងបានបន្តទៅពិនិត្យមើលការងារបង្កបង្កើនផល និងចិញ្ចឹមសត្វរបស់ អង្គភាពទាំង០២ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនោះមាន អង្ករ១៥០គីឡូក្រាម ស័ង្កសី១១០សន្លឹក ស៊ីម៉ង់ត៍១៥ការ៉ុង មី០៥កេស ត្រីខ០៥យួរ ទឹកត្រី០២យួរ ទឹកស៊ីអ៉ីវ០២យួរ ឧបត្ថម្ភដល់អង្គភាពវរសេនាតូចលេខ៦៦២ និងផ្នែកសឹករងទឹកផុស សម្រាប់ប្រើប្រាស់ ជួសជុល ជម្រកស្នាក់នៅ ផ្ទះបាយ និងហូបចុក ។

ក្នុងពិធីសំណេះសំណាល នាពេលនេះ ដែរ ឯកឧត្តម អ៊ុំ សុភា មានប្រសាសន៍ថា កងទ័ពត្រូវមានវិន័យរឹងមាំ ដូចដែកថែប ប្រកាន់ខ្ជាប់គ្រប់វេលា បើគ្មានវិន័យទេ មិនអាចសម្រេចកិច្ចការ ដែលថ្នាក់លើប្រគល់ឲ្យ បានជោគជ័យឡើយ។ កងកម្លាំងដែលមានភារកិច្ច ចុះសហការបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជាបស់ថ្នាក់លើ ដាច់ខាតមិនត្រូវទទួលផលប្រយោជន៍ពីជនល្មើសដែលប្រកបរបរនេសាទខុសច្បាប់ឡើយ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





