ឯកឧត្តម លឹម ស៊ីដេនីន ចុះពិនិត្យការងារថែទាំជាប្រចាំមហាវិថី ស៊ី ជីនពីង
AKP កណ្ដាល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារបច្ចេកទេសចុះមកពិនិត្យការងារថែទាំជាប្រចាំមហាវិថី ស៊ី ជីនពីង ក្នុងពេលសុពលភាពរយៈពេល២ឆ្នាំ ដែលមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិកអនុវត្តគម្រោង តំណាងក្រុមហ៊ុនសៀងហៃ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ លឹម ស៊ីដេនីន បានណែនាំ និងដាក់ទិសដៅបន្តដល់ក្រុមហ៊ុន ដែលកំពុងអនុវត្តការងារថែទាំ មហាវិថី ស៊ី ជីនពីង សូមពន្លឿនការជួសជុលថែទាំឱ្យបានរួចរាល់តាមការកំណត់ ពិសេសត្រូវពិនិត្យនិងដំឡើងសម្ភារៈ បរិក្ខារផ្លូវថ្នល់ នៅចំណុចដែលខ្វះខាត រៀបចំចាក់ដី ក្រាលការ៉ូឡា ខាងក្រោមស្ពានរំលងផ្លូវជាតិលេខ២១ ឱ្យបានស្អាត បោសសម្អាតផ្លូវ អ៊ុតគំនូស ព្រមទាំងគូសរូបទោចក្រយានយន្ត និងរថយន្តតាមគន្លងផ្លូវ ដាំបង្គោលព្រំបង្ហាញទីតាំងព្រំប្រទល់ខេត្តកណ្តាល ជាមួយរាជធានីភ្នំពេញ ថែទាំជួសជុលលាបថ្នាំជាថ្មីនូវផ្លាកសញ្ញា-គំនូសនិងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងដាក់ជំនួសនូវបរិក្ខារផ្លូវថ្នល់ដែលបានបាត់។

ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវសហការជាមួយកងកម្លាំងគ្រប់ជាន់ថ្នាក់ អាជ្ញាធរស្រុកកៀនស្វាយ ក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ទប់ស្កាត់ការទន្ទ្រាន ការចាក់លប់ ការរំលោភដីចំណីផ្លូវ និងការលួចផ្លាកសញ្ញាចរាចរណ៍និងបរិក្ខាផ្លូវថ្នល់នៅទីតាំងមួយចំនួនតាមបណ្តោយមហាវិថីនេះ ព្រោះផ្លាកសញ្ញាចរាចរណ៍ និងបរិក្ខាផ្លូវថ្នល់ទាំងនោះ មិនត្រឹមជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





