ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាស្នើសុំរៀបចំទិវាស្តង់តាំងម្ហូបអាហារ នៅថ្ងៃទី២២ ខែមីនា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ ដោយនឹងមានការសហការចូលរួមពីបណ្ដាប្រទេសជាច្រើន រួមមានប្រទេសថៃ ឡាវ កម្ពុជា ឥណ្ឌា វៀតណាម និងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ ការស្នើបែបនេះរបស់ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានមានប្រសាសន៍ថា ឥណ្ឌា និងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងល្អជាមួយគ្នានេះ ឥណ្ឌាបានជួយកម្ពុជាយ៉ាងច្រើនផងដែរ រាប់ទាំងការជួយលើវិស័យអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់អាហារូបករណ៍ដល់និស្សិតបានទៅសិក្សារៀនសូត្រនៅប្រទេសឥណ្ឌាជាដើម។បន្ថែមពីនេះឥណ្ឌាក៏បានជួយកម្ពុជាផងដែរ ក្នុងការជួសជុលប្រាសាទបុរាណមួយចំនួននៅកម្ពុជា ពិសេសការជួសជុលប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា តាមរយៈទំនាក់ទំនងការទូតល្អប្រសើរ រវាងកម្ពុជា និងឥណ្ឌានេះ យើងក៏បានបង្កើតឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ភ្នំពេញ ហើយយើងនឹងបន្តជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ខេត្តសៀមរាបបន្ថែមទៀត។ ប្រជាពលរដ្ឋឥណ្ឌាបានមករស់នៅ ធ្វើការ រកស៊ីនៅប្រទេសកម្ពុជាមានប្រមាណជាង៥០០០នាក់ ហើយពួកគាត់ភាគច្រើនរស់នៅ និងរកស៊ីនៅរាជធានីភ្នំពេញ។ ឯកឧត្ដមពិតជាថ្លែងអំណរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឥណ្ឌាដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពជូនស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានល្អប្រសើរ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើងពីការកកើតរាជធានីភ្នំពេញ និងលើកឡើងពីភាពវេទនាធ្វើឱ្យប្រទេសធ្លាក់ដល់ចំណុចសូន្យក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ តែក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ និងបានធ្វើឱ្យកំណើនប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។ ដោយគិតមកដល់ពេលនេះ បូកសរុបទាំងប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលមកស្នាក់នៅរកស៊ីនៅភ្នំពេញ មានប្រមាណជាង៣លាននាក់ ធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងការស្ទះចរាចរណ៍ ដែលអាជ្ញាធររាជធានីបាន និងកំពុងដោះស្រាយ។

ជុំវិញការស្នើសុំរបស់ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង ពាក់ព័ន្ធនឹងការធ្វើទិវាម្ហូប អាហារនៅរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានឯកភាព និងអនុញ្ញាតឱ្យមានការរៀបចំពិធីនេះ នៅមុខវត្តឧណ្ណាលោម ស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញបាន នឹងកំពុងបង្កើតឱ្យមានផ្លូវថ្មើជើង Walk Street នៅទីតាំងខាងលើនេះដែរ ដែលបង្កលក្ខណៈងាយស្រួល ទៅដល់ការរៀបចំពិធីម្ហូបអាហារខាងលើដំណើរការទៅបានស្រួល។
ទន្ទឹមនឹងនេះ ឯកឧត្ដមបានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីរីករាយក្រោយពីបង្កើតឱ្យមានផ្លូវថ្មើជើង Walk Street ដែលបានធ្វើឱ្យកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រមាណ៤ ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ នៅពេលស្ថានទូតរៀបចំឱ្យមានទិវាម្ហូបអាហារនៅទីតាំងនេះ នឹងធ្វើឱ្យកំណើនភ្ញៀវទេសចរកើនឡើងថែមទៀត៕
ដោយ សួស សំរិត





