មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មចូលរួមប្រជុំអន្តរក្រសួងចង្អៀតពិនិត្យ និងពិភាក្សាលើសំណើសុំបន្តនីតិវីធីផ្តល់សិទ្ធិប្រទាន លើកិច្ចព្រមព្រៀងអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងចង្អៀតពិនិត្យ និងពិភាក្សាចុះហត្ថលេខាលើសំណើសុំបន្តនីតិវីធីផ្តល់សិទ្ធិប្រទានលើកិច្ចព្រមព្រៀងអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រសួងកសិកម្មបានឱ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ដោយឯកឧត្តម ទឹម បូរក្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី អមដោយឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ស៊ុយ សេរីវឌ្ឍន៍ អនុប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមប្រជុំជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម សួន សុភ័ណ្ឌ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តមបានគូសបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាលើទិដ្ឋភាពច្បាប់ ការចូលរួមបង់វិភាគទាន និងផលប្រយោជន៍នៃការចូលរួមក្នុងកិច្ចព្រមព្រៀង។


ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅយុត្តាធិការជាតិ ការចូលរួមបង់វិភាគទាន គឺតាមគោលការណ៍ស្ម័គ្រចិត្ត និងផលប្រយោជន៍សំខាន់ដែលទទួលបានពីកិច្ចព្រមព្រៀង គឺទទួលបានជាកិត្តិយសជាតិ លើឆាកអន្តរជាតិ បានចូលរួម និងទទួលបានបទពិសោធន៍ ចំណេះដឹង និងបានទទួលថវិកាតាមរយៈគម្រោងនានា។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្មបានឱ្យដឹងថា អង្គប្រជុំបានបូកសរុបលទ្ធផល និងបានការគាំទ្រតាមសំណើ ព្រមទាំងបញ្ជាក់បន្ថែមថា ការចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ដូចជា នយោបាយ ការទទួលបានបច្ចេកទេស ការកសាងសមត្ថភាព ថវិកាតាមរយៈគម្រោង និងមិនមានការខាតបង់អ្វីសម្រាប់ប្រទេសកម្ពុជាឡើយ៕
ដោយ៖ ដេប៉ូ





